វិស័យមីក្រូហិរញ្ញវត្ថុនៅតែមានសុខភាពល្អ ទោះជាបំណុលយឺតកើនឡើង

ដោយៈ និស្ស័យ

ភ្នំពេញៈ បើទោះជាទំហំទឹកប្រាក់សងយឺត បានកើនឡើងដល់អត្រាជាង៩ភាគរយក្តី ប៉ុន្តែសុខភាពនៅក្នុងវិស័យនេះនៅតែមានសភាពល្អប្រសើរនៅឡើយ។ នេះបើតាមលោកកាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលអញ្ជើ​ញធ្វើបទបង្ហាញ ក្នុងវគ្គបណ្តុះបណ្តាញជំនាញ សរសេរសារព័ត៌មានសេដ្ឋកិច្ច និងចំណេះដឹងពន្ឋដា រៀបចំដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសេវាកម្មសហព័ន្ឋពន្ឋដាកម្ពុជាកាលពីថ្ងៃទី១៨ សីហាកន្លងមកនេះ។

លោកកាំង តុងងីបានបន្តថា បច្ចុប្បន្នទំហំឥណទានក្នុងវិស័យនេះ មានទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក និងប្រជាជនជាង១,៥លាននាក់ បាននិងកំពុងប្រើប្រាស់សេវាកម្មឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុនានា។

លោកបញ្ជាក់ថា “ទំហំប្រាក់កម្ចីសងត្រលប់យឺត ឬខូចមានអត្រាជាង៩ភាគរយ ប៉ុន្តែតួលេខនេះទាប បើធៀបនឹងប្រ​ទេ​​សថៃ វៀតណាម ម៉ាឡេស៊ីជាដើម មានអត្រាសងត្រលប់យឺតរហូតដល់២០ ទៅ៣០ភាគរយ”។

លោកបន្តថា ទោះបីអត្រាសងត្រលប់កើនឡើងក្តី ប៉ុន្តែជារួមសុខភាពក្នុងវិស័យនេះ នៅតែមានភាពប្រសើរ ដោយសារការរឹតបន្តឹងឥណទាន ការរឹតបន្តឹងមន្រ្តីផ្តល់ឥណទាន តាមរយៈការរៀបចំវគ្គបំពាក់បំប៉នដល់ពួកគេជាប្រចាំ។

លោកកាំង តុងងីបានបន្តថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាប់កំណើតនៅឆ្នាំ២០០០ និងមានអត្រារីកចម្រើនខ្ពស់ ធៀបនឹងប្រទេសក្នុងតំបន់ ហើយជាប្រចាំបណ្តាប្រទេសមួយ​ចំនួនតែងតែមករៀន និងដកស្រង់បទពិសោធន៍ពីកម្ពុជា៕