កម្ពុជា ហ្វីលីពីនចុះ MOU លើកិច្ចសហប្រតិបត្តិការរវាងធនាគារប្រទេសទាំងពីរ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនា​គារជាតិនៃកម្ពុជា និងលោក Eli M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន Bangko Sentral ng Pilipinas បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំទ្វេភាគីកម្រិតខ្ពស់ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងធនាគារកណ្តាលទាំងពីរ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

តាមរយៈអនុស្សរណៈយោគយល់នេះ ក្របខ័ណ្ឌជាក់លា​ក់មួយត្រូវបានបង្កើតឡើង សម្រាប់ដំណើរការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ជាពិសេសក្នុងផ្នែកប្រតិបត្តិការធនាគារកណ្តាល ការតភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕