ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលារួមគ្នា ដើម្បីពិភាក្សា និងធ្វើបទបង្ហាញលើច្បាប់ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម។
រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក តឹករ៉េត សំរេចបានក្នុងសសិក្ខាសាលាកាលពីសប្តាហ៍មុនថា វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កម្មវិធីបណ្ដុះបណ្ដាលនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង ពាក់ព័ន្ធគោលការណ៍ទូទៅ នៃការរៀបចំដែនដី និងនគរូបនីយកម្ម តាមរយៈការបង្ហាញពីមន្រ្តីជំនាញ ក្រសួងនិងអ្នកជំនាញការជប៉ុន ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ផែនការរៀបចំដែនដីនៅក្នុងប្រទេសកម្ពុជា។
គោលនយោបាយជាតិរៀបចំដែនដី របស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍ តាមរយៈការធ្វើសមាហរណកម្ម នូវផែនការយុទ្ធសាស្ត្ររៀបចំដែនដី និងការធ្វើឲ្យរលូននូវវិធាន និងឧបករណ៍ចាំបាច់នានា តាមវិស័យប្រកបដោយភាពសុខដុមរមនា នៅតាមតំបន់ភូមិសាស្ត្រនីមួយៗ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់រៀបចំដែនដី គ្រោងដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។
ការបែងចែកតំបន់ភូមិសាស្ត្រ សម្រាប់រៀបចំដែនដី ត្រូវធ្វើឡើងដោយផ្អែកលើកត្តាធម្មជាតិ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និងត្រូវមានតុល្យភាព ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
លោក ប៉ែន សុផលបានបញ្ជាក់ថា ការរៀបចំដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទាំងនៅតាមតំបន់ និងនៅថ្នាក់ខេត្ត ត្រូវសិក្សា វិភាគ និងកំណត់អំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីការអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព ចីរភាព តុល្យភាព និងការធ្វើសមាហរណកម្ម តាមតំបន់ភូមិសាស្ត្រនីមួយៗទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។
លោកបានបញ្ជាក់បន្ថែមថា គោលនយោបាយជាតិរៀបចំដែនដី គប្បីបញ្ចៀសឱ្យបាននូវការ ខ្វែងគំនិតយោបល់គ្នា ដោយត្រូវគោរព ទៅតាមឋានានុក្រមនៃផែនការ (ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ) ហើយត្រូវមានបញ្ញត្តិកំណត់ជាក់លាក់៕