ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូខេត្តហ៊ូប៉ី ប្រទេសចិន ដែលចាប់អារម្មណ៍លើវិស័យកសិកម្ម។
នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុននេះ លោករដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះគណៈប្រតិភូចិន ក្នុងការចាប់អារម្មណ៍ ក្នុងវិស័យកសិកម្មកម្ពុជា។
លើសពីនេះ លោកប្រាក់ ដាវីតបានបញ្ជាក់បន្ថែមថា កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគ ដែលចង់វិនិយោគលើការកែច្នៃ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ហើយកម្ពុជាមានកសិផល សក្តានុពលជាច្រើនដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី មៀន ចេកជាដើម។
លោកស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម នៃការបង្កើតសួនកសិ-ឧស្សាហកម្ម ដែលជំរុញការកែច្នៃកសិផលកម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ហើយក្រសួងនឹងជួយគាំទ្រ លក្ខណ:ផ្លូវច្បាប់ និងបច្ចេកទេស។
សម្រាប់កិច្ចសហប្រតិបត្តិការ សិក្សាស្រាវជ្រាវ លោករដ្ឋលេខាធិការ បានណែនាំឱ្យគណៈប្រតិភូចិន សិក្សាឱ្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលសមស្របនឹងស្ថានភាពប្រទេសកម្ពុជា ជាពិសេសត្រូវមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ដែលអាចជួយកសិករទទួលបានភាពចំនេញ និងតម្លៃបន្ថែមខ្ពស់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសជំរុញការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម៕