មន្ដ្រីជាន់ខ្ពស់: ឥណ្ឌាត្រូវការលំហូរ FDI  ដើម្បីសម្រេចមហិច្ឆិតាក្នុងវិស័យផលិតកម្ម

ដោយ: គង់ លាងហួរ

អន្តរជាតិ: ​​​ឥណ្ឌាគ្រោងបង្កើនការទាក់ទាញ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពី​ប្រទេសចិន ទោះបីជា​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ជិតខាងទាំង២​ មិនសូវមានលក្ខណៈអំណោយផល​ បន្ទាប់ពីមានការ​ប៉ះ​ទង្គិច​គ្នា​ផ្នែក​យោធា​នៅតាម​បណ្ដោយ​ព្រំដែន ​ក្នុង​ឆ្នាំ​២០២០យ៉ាងណាក្តី។

ក្នុងអំឡុងវេទិកាធ្វើបទបង្ហាញ​ស្ដី​ពី ​ការស្ទង់មតិសេដ្ឋកិច្ចប្រចាំឆ្នាំរបស់​ឥណ្ឌា​ លោកស្រី Nirmala Sitharaman ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ឱ្យដឹងថា “ឥណ្ឌាកំពុងប្រ​ឈមមុខនឹងជម្រើសចំនួន២​ ដើម្បីទទួលបានអត្ថប្រយោជន៍ពីយុទ្ធសាស្រ្ត​ ​China Plus One ដោយឥណ្ឌា​អាចធ្វើសមាហរណកម្ម ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់​ចិន ឬទាក់ទាញលំហូរ FDI ពីប្រទេសចិន”។

ស្របពេលឥណ្ឌាជួបប្រទះ បញ្ហាឱនភាពពាណិជ្ជកម្មដ៏ធំ​ជាមួយ​ប្រទេសចិន លោក Sitharaman បានគូសបញ្ជាក់ថា ការបង្កើនការទាក់ទាញលំហូរFDI ​នឹង​ជួយជំរុញ​​ការនាំចេញផលិ​តផលរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក។

ប្រទេសឥណ្ឌាត្រូវការលំហូរ FDI ដើម្បីបង្កើនសមត្ថភាពក្នុងវិស័យផលិតកម្ម ដែលជាគោលដៅ ប្រកបដោយមហិច្ឆិតាមួយរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Narendra Modi។ បច្ចុប្បន្ន វិស័យផលិតកម្ម​ចូលរួម​ចំណែក​១៧%​ នៃផលទុនជាតិសរុប​របស់​ឥណ្ឌា​ ខណៈរដ្ឋាភិបាល​លោក Modi មាន​ផែនការជំរុញឱ្យ​វិស័យ​នេះ ​ចូលរួម​ចំណែក​២៥ភាគរយ ​នៃទំហំ GDP នៅ​ត្រឹមឆ្នាំ​២០២៥​ខាងមុខ។

ទំនាក់​ទំនងនយោបាយរវាង​ទីក្រុងប៉េកាំង​ និង​ទីក្រុងញូវដែលី​​ ​បាន​ជួបភាពតានតឹង ​បន្ទាប់ពីមានការផ្ទុះជម្លោះ​នៅតាមព្រំដែន​ក្នុង​ឆ្នាំ​២០២០​ ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​ចំនួន២០នាក់​ និង​ទាហានចិន​ចំនួន៤នាក់​។

ក្រោយពី​ផ្ទុះហេតុការណ៍​នោះ​រួចមក រដ្ឋាភិបាល​ឥណ្ឌា​ បាន​ដាក់ចេញ​វិធានការប្រឆាំងនឹង​ចិនជាច្រើន​ រួម​ទាំង​ការ​ហា​មឃាត់កម្មវិធី​ទូរស័ព្ទ​ចិន​ជាង៣០០កម្មវិធី ការ​ដំឡើង​ពន្ធ​លើ​ក្រុម​ហ៊ុនចិន​ និង​ការ​រឹត​បន្តឹងលើ​ការ​វិនិយោគ ​របស់​ក្រុមហ៊ុនលក់ចិន​​។ ​ជា​លទ្ធផល​ លំហូរវិនិយោគ​ផ្ទាល់ពី​ចិន​ចូលទៅ​កាន់ប្រទេស​ឥណ្ឌា​ បាន​ដាំក្បាលចុះ​យ៉ាង​គំហុក​។

ទោះជាយ៉ាង​ណា​ ក្រុមអ្នក​វិភាគ​វាយតម្លៃថា ​​គោលនយោ​បាយ​​របស់​​​ឥណ្ឌា​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក ទាមទារឱ្យមានបច្ចេកវិទ្យាខ្ពស់ និងត្រូវការក្រុមអ្នក​ជំនាញមកពីប្រទេសចិន ​ដើម្បីសម្រេចផែនការពង្រីក វិស័យផលិតកម្មរបស់ខ្លួន។ នៅចន្លោះឆ្នាំ ២០២៣ដល់ឆ្នាំ២០២៤នេះ ចិន​បាន​វ៉ាដាច់​សហរដ្ឋអាមេរិក​​ ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម ​កំពូល​របស់​ឥណ្ឌា​៕ប្រភព: Reuters៕