ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវជា រដ្ឋា បានដឹកនាំកិច្ចប្រជុំ កម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Amazon (Amazon Web Services) តំណាងដោយ Mr. Hadri ប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង Ms. Katherine Wang អ្នកគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ AWS។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើកម្មវិធី កសាងសមត្ថភាព ដែលរៀបចំឡើងដោយ Amazon ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) និងវិធីសាស្ត្រដើម្បីជួយឱ្យអាជីវករ ពាណិជ្ជករ ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា អាចទាញយកអត្ថប្រយោជន៍ពី AI ក្នុងសម័យឌីជីថលនេះ ព្រមទាំងបានកត់សម្គា ល់ពីសារៈសំខាន់ នៃការការពារទិន្នន័យ និងការទុកដាក់ទិន្ន ន័យឱ្យបានត្រឹមត្រូវ ដែលជាកត្តាដ៏សំខាន់ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល ដែលទាំងនេះ សុទ្ធតែជាប្រធានបទដ៏សំខាន់ នៅក្នុងការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានពិភាក្សាអំពីលទ្ធភាព ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រសួងពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុន Amazon និង Amazon Web Services ដោយចាប់ផ្តើមពីការអញ្ជើញតំណាងរបស់ក្រុមហ៊ុន ឱ្យចូលរួមវេទិកាពាណិជ្ជកម្មឌីជីថល (Digital Trade Forum) ដែលគ្រោងនឹងប្រព្រឹត្តឡើងនាខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ៕