ដោយៈ ម៉ាលីនណា
តាកែវៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហ៊ាន វណ្ណហន ចុះជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាល CEO ប្រធាន និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្ដតាកែវ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីស្ថានភាពដឹកនាំដំណើរការអាជីវកម្ម បញ្ហាប្រឈម និងពិនិត្យលើចំណុចខ្វះខាតបច្ចេកទេស របស់សហគមន៍ ដែលក្រុមការងារបច្ចេកទេស របស់ក្រសួងកសិកម្ម នឹងត្រូវជួយបំពេញបន្ថែម តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស តាមតម្រូវការ ស្ថានភាព និងលទ្ធភាពជាក់ស្ដែង។
វគ្គបណ្ដុះបណ្ដាល នឹងផ្ដោតលើការពង្រឹងប្រសិទ្ធភាពដឹកនាំ ពង្រឹងនឹងពង្រីករក្សាទីផ្សារ ដោយផ្អែកលើស្ដង់ដារផលិតផលរួមតែមួយ ដើម្បីឆ្លើយតបនឹងតម្រូវការ ពីក្រុមហ៊ុនទទួលទិញ។
លោករដ្ឋលេខាធិការ បានកោតសរសើរចំពោះឆន្ទ:របស់លោកប្រធានសហគមន៍ ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកាសហគមន៍ ក្នុងការចូលរួមដំណើការ សហគមន៍កសិកម្មទំនើប ស្របតាមគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាលនាពេលនេះ។
លោកបានលើកទឹកចិត្តដល់សហគមន៍ ត្រូវខិតខំតស៊ូបន្តទៅទៀត ទើបសម្រេចជោគគជ័យបាន បើទោះបីជាត្រូវឆ្លងកាត់ឧបសគ្គតិចតួច ជៀសមិនរួចក្នុងដំណាក់កាលដំបូង ដែលត្រូវរៀបចំចាត់ចែងផង ដំណើការផលិតកម្មផង។
បន្ថែមពីនេះ លោកហ៊ាន វណ្ណហន ក៏បានណែនាំទៅ CEO និងក្រុមប្រឹក្សាសហគមន៍ បន្តចាត់ចែងការងារឱ្យមានអ្នកទទួលបន្ទុកបច្ចេកទេសរបស់សហគមន៍ ដោយបែងចែកច្បាស់លាស់អ្នកទទួលបន្ទុកបច្ចេកទេស តាមតំបន់ផ្ទះសំណាញ់ទាំង៦ ដើម្បីឱ្យប្រាកដថា ផលិតផលរបស់សហគមន៍ ចេញពីការផលិតដោយបច្ចេកទេសស្តង់ដារតែមួយ ដែលនេះជាលក្ខខណ្ឌតម្រូវមិនអាចខ្វះបានរបស់ទីផ្សារ។
លោកបន្តថា CEO ត្រូវផ្តួចផ្តើមបង្កើតឱ្យមានកូដសំរាប់ស្វែងរកប្រភព ដែលចាំបាច់បំផុត ក្នុងការគ្រប់គ្រងនិងថែរក្សាស្ថេរភាពគុណភាពផលិតផល របស់សហគមន៍ឱ្យបានល្អ ដើម្បីជៀសវាងត្រីមួយកន្ត្រក ស្អុយ១ ស្អុយទាំងអស់។
ចំណែក អគ្គនាយកដ្ឋានកសិកម្ម លោកអគ្គរងទទួលបន្ទុកសាកវប្បកម្ម និងលោកអនុប្រធាននាយកដ្ឋាន ទទួលបន្ទុករួមសាកវប្បកម្ម បានចាត់ចែងជ្រើសរើសមន្រ្តីជំនាញ ប្រកបដោយបទពិសោធគ្រប់ផ្នែក មកប្រចាំការដើម្បីផ្តល់ការបង្ហាត់បង្រៀនផ្ទាល់ក្នុងកសិដ្ឋានចំនួន១ខែ។ ការងារនេះ នឹងចាប់ផ្តើមនៅពេលសហគមន៍ បានចាត់ចែងអ្នកទទួលបន្ទុកបច្ចេកទេសជារួម និងតាមតំបន់ផ្ទះសំណាញ់រួចរាល់ ក៏ដូចជា ការមកដល់នៃនិស្សិតស្ម័គ្រចិត្ត ដែលក្រសួងកំពុងរៀបចំ៕