តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បើទោះបីជាក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក (Fed)នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុ នាខែកញ្ញាខាងមុខយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣%ដល់២៤៥៩,៤៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៨%ដល់២៥០០,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៦៥,០៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥០៧,៨០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍តម្លៃផលិតករ(PPI) ដែលជាសូចនាករអតិផរណានៃតម្លៃទំនិញបោះដុំលក់នៅសហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះក្នុងខែកក្កដា បើធៀបនឹងការព្យាករណ៍ចំនួន០,២ភាគរយ។

បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងវិញបន្តិចដល់១០២,៦៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីដាំក្បាលចុះ ក្នុងពេលបិទការជួញដូរត្រឹម១០២,៥៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៤%ដល់២៧,៧២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៦១%ដល់៩៤០,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៧%ដល់៩២៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕