ទំហំពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃសម្រេចបានទំហំទឹកប្រាក់ជិត ២,៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

បាងកក: ទំហំពាណិជ្ជកម្ម នៅតាមបណ្តោយព្រំដែន និងឆ្លងកាត់(Transit) រវាងប្រទេសថៃ និងប្រទេសជិតខាងចំនួន៤នៅឆមាសទីមួយឆ្នាំនេះ បានកើនឡើង៣,៦%ដល់៩១២ពាន់លានបាត។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស។

ក្នុងនោះ ប្រទេសឡាវ បានកត់ត្រាទំហំពាណិជ្ជកម្មនៅតាមព្រំដែនខ្ពស់ជាងគេបំផុត ជាមួយថៃចំនួន១៥០ពាន់លានបាត តាមពីក្រោយដោយម៉ាឡេស៊ី ចំនួន១៤៩ពាន់លានបាត មីយ៉ាន់ម៉ាចំនួន១០៧ពាន់លាន និងកម្ពុជាចំនួន៨៨ពាន់លានបាត(ជិត២,៥ពាន់លានដុល្លារ)។

ផលិតផលពាណិជ្ជកម្មដោះដូរ នៅតាមព្រំដែនសំខាន់ៗរួមមានដូចជា ប្រេងម៉ាស៊ូត មានទំហំទឹកប្រាក់ចំនួន២៣ពាន់លានបាត ប្រេងចម្រាញ់ មានទំហំទឹកប្រាក់ចំនួន១០ពាន់លានបាត និងជ័រកៅស៊ូមានទំហំទឹកប្រាក់ចំនួន៨ពាន់លានបាត។

ទំហំពាណិជ្ជកម្មនៅតាមព្រំដែន(Border Trade)ជាមួយប្រ ទេសជិតខាងចំនួន៤ខាងលើ បានកើនឡើង២,៦%ដល់៤៩៣ពាន់លានបាត។ ក្នុងនោះ ការនាំចេញពីប្រទេសថៃមានទំហំទឹកប្រាក់ចំនួន៣០៥ពាន់លានបាត កើនឡើង១,៥% ខណៈការនាំចូលធ្លាក់ចុះ៤,៦% មកត្រឹម១៨៨ពាន់លានបាត ដែលបណ្តាលឱ្យថៃ សម្រេចបានអតិរេកពាណិជ្ជកម្ម ចំនួន១១៧ពាន់លានបាត។

ចំណែក ទំហំពាណិជ្ជកម្មឆ្លងកាត់(Transit Trade) ដែលជាការជួញដូរតាមច្រកព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីបន្តនាំទៅកាន់ប្រទេសទី៣ បានកើនឡើង៤,៨%ដល់៤១៩ពាន់លានបាតក្នុងឆមាសទីមួយ។

ក្នុងនោះការនាំចេញ មានទំហំទឹកប្រាក់ចំនួន២២៩ពាន់លានបាត កើនឡើង៥,៤% ខណៈការនាំចូលកើនឡើង៤% ដល់១៩០ពាន់លានបាត។

លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានអះអាងថា ពាណិជ្ជកម្មតាមព្រំដែន និងពាណិជ្ជកម្មឆ្លងកាត់ ទៅកាន់ប្រទេសទី៣ ក្នុងខែមិថុនាមានទំហំទឹកប្រាក់ ចំនួន១៦២ពាន់លានបាត កើនឡើង៧,០៥%។ការនាំចេញមានទំហំទឹកប្រាក់ ចំនួន៩៦ពាន់លានបាត ធ្លាក់ចុះ០,៨៩% ហើយការនាំចូលបានកើនឡើង២១,៣% ដល់៦៥ពាន់លានបាត ដែលបណ្តាលឱ្យថៃ សម្រេចបានអតិរេកពា ណិជ្ជកម្មចំនួន៣១ពាន់លានបាត៕ប្រភព: Bangkok Post៕