សេដ្ឋវិទូព្រមានថា សេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដូចប្រទេសជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០

ដោយ: គង់ លាងហួរ

អន្តរជាតិ: មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច SCB EIC របស់ធនាគារ Siam Commercial Bank (SCB) បានលើកឡើងពីការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងឈានដល់ដំណាក់កាល“Lost Decades”។

ដោយទាញចេញពីបទពិសោធន៍ របស់ប្រទេសជប៉ុន ធនាគារ SCB EIC ព្រមានថា ប្រទេសថៃអាចប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០៥០។ ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលខាងលើ បន្ទាប់ពីផ្ទុះវិបត្តិពពុះតម្លៃអចលនទ្រព្យ ចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១។

ក្រុមសេដ្ឋវិទូប្រើប្រាស់ពាក្យ “Lost Decades” ដើម្បីពិព ណ៌នា អំពីបញ្ហាសេដ្ឋកិច្ចសំខាន់ចំនួន២ របស់ប្រទេសជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ រួមមាន ការអូសបន្លាយយូរនៃកំណើនសេដ្ឋកិច្ចទាប និងការបាត់បង់ទំនុកចិត្ត ក្នុងចំណោមប្រជាជនជប៉ុន ដែលនាំឱ្យពួកគេខិតខំសន្សំប្រាក់ និងកាត់បន្ថយការចំណាយ។

វិបត្តិ​ពពុះតម្លៃ​អចលនទ្រព្យ ​​បាន​ជះឥទ្ធិពល​អាក្រក់ដល់​​គ្រួសារក្នុងប្រទេសជប៉ុន និងនាំឱ្យ​ប្រទេស​ជប៉ុន​ជួបប្រទះ​ការ​ជាប់គាំង​សេដ្ឋកិច្ច​ ដែល​អូសបន្លាយ​អស់រយៈពេល​ជាង​៣ទសវត្សរ៍កន្លងមក។

ប្រសិនបើគេប្រៀបធៀបសេដ្ឋកិច្ចថៃ ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិ ជំងឺរាតត្បាតកូវីដ-១៩  ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលផ្ទុះវិបត្តិពពុះ អចលនទ្រព្យបង្ហាញថា កំណើនGDP និងទំនុកចិត្តរបស់វិស័យឯកជននៅក្នុងប្រទេសទាំង២ បានធ្លាក់ចុះស្រដៀងគ្នា និងមិនមានសញ្ញាអាចត្រលប់ទៅរកនិន្នាការ មុនវិបត្តិវិញបានឡើយ។

លោក Somprawin Manprasert បានព្រមានថា ប្រធានសេដ្ឋវិទូរបស់មជ្ឈមណ្ឌល SCB EIC បានលើកឡើងថា  “សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចធ្លាក់នឹងចូលទៅក្នុងគន្លង ដូចសេដ្ឋកិច្ចជប៉ុន ស្របពេលកំណើនសេដ្ឋកិច្ច  និងទំនុកចិត្តវិស័យឯកជនថៃកំពុងធ្លាក់ចុះ”៕ប្រភព: Bangkok Post៕