ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ភាគីក្រសួងការងារដឹកនាំដោយលោក សោម ចំណានរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ លោកយឹម លាត បានលើកឡើង ពីកិច្ចសហប្រតិបត្តិការរបស់ ធនាគារជាតិនៃកម្ពុជា ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ និងបានបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការសម្របសម្រួល ជាមួយនិយោជក និងបុគ្គលិក-កម្មករ តាមរោងចក្រ-សហគ្រាសនៅទូទាំងប្រទេសកម្ពុជា។
លោកទេសាភិបាលរង ក៏បានស្នើឱ្យមានកិច្ចសហការសិក្សាពីលទ្ធភាព នៃការកំណត់ប្រាក់ឈ្នួលកម្មករ -និយោជិក ជាប្រាក់រៀល និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រាក់រៀល នៅតាមបណ្តារោងចក្រ-សហគ្រាសផងដែរ។
ជាការឆ្លើយតប លោកសោម ចំណាន បានស្វាគមន៍គំនិតផ្តួចផ្តើម ពង្រឹងកិច្ចសហការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល និងទទួលយកសំណើនេះ ទៅសិក្សាបន្ថែមអំពីលទ្ធភាពជាក់ស្តែង។
លើសពីនេះ លោករដ្ឋលេខាធិការ ក៏បានកោតសរសើរអំពីដំណើរអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ សងប្រាក់នៅកម្ពុជាប្រកបដោយនវានុវត្តន៍ ជាពិសេសប្រព័ន្ធបាគង ដែលមានការទទួលស្គាល់លើឆាកអន្តរជាតិ និងបានកោតសរសើរពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អ ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយមកនេះ៕