អាណាចក្រជំនួញរបស់គ្រួសារកំពូលមហាសេដ្ឋីឥណ្ឌា៣រូប មានទំហំទឹកប្រាក់ស្មើនឹង GDP របស់សិង្ហបុរី

ដោយ: គង់ លាងហួរ

អន្តរជាតិ: គ្រួសារលោក Mukesh Ambani បានឈរនៅលើកំពូលតារាង នៃគ្រួសារអ្នកជំនួញដ៏ធំបំផុត នៅប្រទេសឥណ្ឌា។

លោកមានទ្រព្យសម្បត្តិ ក្នុងទឹកប្រាក់ចំនួន២៥,៧៥ទ្រីលានរូពី (ប្រហែល៣០៦,៩២ពាន់លានដុល្លារ) ឬស្មើនឹង១០%នៃផលទុនជាតិសរុបរបស់ឥណ្ឌា (GDP)។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារHurun India ប្រចាំឆ្នាំ២០២៤។

អាណាចក្រជំនួញរបស់គ្រួសារ មហាសេដ្ឋីមានជាងគេបំផុតទី១នៅតំបន់អាស៊ីរូបនេះ បានប្រភពមកពីក្រុមហ៊ុន Reliance Industries ដែលធ្វើប្រតិបត្តិការជាចម្បង នៅក្នុងវិស័យថាមពល ការលក់រាយ និងទូរគមនាគមន៍។

វិធីសាស្ត្រគណនាទ្រព្យសម្បត្តិរបស់លោក  Ambani មិនរាប់បញ្ចូលការវិនិយោគឯកជន និងទ្រព្យសកម្មដែលងាយស្រួ​លលក់ប្តូរយកប្រាក់ ក្នុងរយៈពេលខ្លី(Liquid asset)នោះទេ។ ទំហំទ្រព្យសម្បត្តិរបស់គ្រួសារ លោក Ambani រួមមាន ការកាន់កាប់ចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុន Reliance Industries ក្រុមហ៊ុន Jio Platforms និងក្រុមហ៊ុនReliance Retail ជាដើម។

ចំណែក គ្រួសាររបស់លោក Niraj Bajaj ស្ថិតក្នុងលំដាប់ទី២ ដោយមានទ្រព្យសម្បត្ដិសរុប ចំនួន៧,១៣ទ្រីលានរូពី(ប្រ​ហែ​​ល៨៤,៩៨ពាន់លានដុល្លារ)។ 

គ្រួសារនេះគ្រប់គ្រងអាណាចក្រ ក្រុមហ៊ុនរថយន្ត Bajaj Group ដែលមានមូលដ្ឋាននៅទីក្រុង Pune ស្ថិតនៅភាគខាងលិចរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា និងត្រូវបានដឹកនាំដោយលោក Niraj Bajaj។ 

ចំណែក គ្រួសារលោក Kumar Mangalam birla ជាប់ចំណាត់ថ្នាក់ទី៣ ដោយមានទ្រព្យសម្បត្តិ សរុបចំនួន៥,៣៩ទ្រីលានរូពី(ប្រហែល៦៤,២៤ពាន់លានដុល្លារ)។  គ្រួសារនេះគ្រប់​គ្រងអាណាចក្រ ក្រុមហ៊ុន Aditya Birla Group ដែលផ្តោតជាចម្បងលើអាជីវកម្មលោហធាតុ ការជីកយករ៉ែ ស៊ីម៉ងត៍ និងសេវាកម្មហិរញ្ញវត្ថុ។

របាយ​ការណ៍​ខាងលើបាន​គូសបញ្ជាក់​ថា ​អាជីវកម្ម​របស់គ្រួសារ​កំពូល ​មហាសេដ្ឋីទាំង​៣រូប មាន​ទំហំទឹកប្រាក់សរុបចំនួន៤៦០ពាន់​លាន​ដុល្លារអាមេរិក ឬស្មើនឹង​នឹងទំហំផលទុនជាតិសរុប (GDP) របស់​ប្រទេសសិង្ហបុរី។

លោក Anas Rahman Junaid ស្ថាបនិក និងជាប្រធានអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Hurun India បានលើកឡើងថា “ការធ្វើពិពិធកម្មឧស្សាហកម្មដ៏សំខាន់ លើអាជីវកម្មរបស់គ្រួសារមហាសេដ្ឋីទាំងនេះ បង្ហាញពីតួនាទីសំខាន់របស់ពួកគេ ក្នុងការរក្សា និងជំរុញស្ថិរភាព នៃកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅក្នុងប្រទេសឥណ្ឌា”៕ប្រភព: Business Standard៕