តម្លៃមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកកំពុងដាំក្បាលចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក បានដាំក្បាលចុះយ៉ាងគំហុក ដោយសារការថយចុះប្រាក់ចំណូលប្រចាំត្រីមាស ដែលជំរុញឱ្យក្រុមវិនិយោគិន ផ្លាស់ប្តូរការផ្តោតអារម្មណ៍ ចេញពីបញ្ញាសិប្បនិម្មិត (AI)។

ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់យក្ស Microsoft បានរាយការណ៍ ពីការខាតបង់ប្រាក់ចំណូល ខណៈក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់លោកកំពូលមហាសេដ្ឋី Elon Musk បានប្រកាសពីកំណើន ប្រាក់ចំណេញទាបបំផុតមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាង៥ឆ្នាំ។

លើសពីនេះ ក្រុមហ៊ុនមេរបស់ Google ឈ្មោះ “Alphabet” បានរាយការណ៍ឱ្យដឹង ពីការដាំក្បាលចុះនៃការលក់ Ad ផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គម YouTube។ ការណ៍នេះបានបង្កើនការព្រួយបារម្ភ អំពីសមត្ថភាពរបស់ក្រុមហ៊ុន Alphabet ក្នុងការស្វែងរកប្រាក់ចំណេញ។

ទំហំមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះប្រមាណ៦ភាគរយ មកត្រឹម៣,១ទ្រីលានដុល្លារ ខណៈទំហំមូលធនប័ត្រទីផ្សារ របស់ក្រុមហ៊ុន Alphabet បានធ្លាក់ចុះមកត្រឹម២,១ទ្រីលានដុល្លារ នៅចុងខែកក្កដា។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ LSEG។

ទំហំមូលធនប័ត្រទីផ្សារ របស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia មានការថយចុះ៥,២ភាគរយ មកត្រឹម២,៨ទ្រីលានដុល្លារ។ការធ្លាក់ចុះនេះ ក៏បានជះឥទ្ធិពល ដល់តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC មានការថយចុះ៤,៣ភាគរយដល់៧៣៧,៨ពាន់លានដុល្លារ។

ផ្ទុយទៅវិញ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើង៥,៤ភាគរយ ដល់៣,៤ទ្រីលានដុល្លារ នៅចុងខែកក្កដា ស្របពេលក្រុមអ្នកវិនិយោគ បង្ហាញសុទិដ្ឋិនិយមថា គំនិតផ្តួចផ្តើម Apple Intelligence នឹងជំរុញការលក់ និងលើកទឹកចិត្តឱ្យអតិថិជនងាកមកប្រើប្រាស់បច្ចេកវិទ្យាថ្មី។

ម្យ៉ាងវិញទៀត ថ្វីត្បិតតែប្រាក់ចំណេញ កើនឡើងតិចតួចយ៉ាងណាក្តី ក៏ប៉ុន្តែតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla បានកើនឡើង១៧,២ភាគរយ ដល់៧៤០,១ពាន់លានដុល្លារ ខណៈអ្នកវិនិយោគ មានសុទិដ្ឋិនិយមអំពីទស្សនវិស័យ នាពេលអនាគតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ល្បីល្បាញមួយនេះ។

ក្រៅពីវិស័យបច្ចេកវិទ្យា តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតថ្នាំឱសថ Eli Lilly ក៏បានធ្លាក់ចុះ១១,២%ផងដែរ មកនៅត្រឹម៧៦៤,៣ពាន់លានដុល្លារ ក្រោយពីក្រុមហ៊ុនគូប្រជែង Roche ផលិតថ្នាំគ្រាប់ពិសោធន៍បានដោយជោគជ័យ៕ប្រភព: Reuters៕