ប្រព័ន្ឋទូទាត់បាគងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Dorji Phuntsho នាយកប្រតិបត្តិ ផ្សារមូលបត្រប៊ូតង់ (RSEB)ចូលជួបពិភាក្សា និងសុំការផ្លាស់ប្តូរបទពិសោធន៍។

ក្នុងជំនួបនេះ លោក Dorji Phuntsho បានលើកឡើងពីគោលបំណង ក្នុងការសិក្សាស្វែងយល់ អំពីដំណើរការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ជាពិសេសប្រព័ន្ធបាគង និង​បានកោតសរសើរអំពីវឌ្ឍនភាព នៃប្រព័ន្ធនេះនាពេលកន្ល​ងមក ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំពីសំណាក់លោកជំទា​វទេសាភិបាល។

លោក Dorji ក៏បានជម្រាបជូនថា ប្រព័ន្ធបាគង មានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ហើយកំពុងក្លាយជាករណីគំរូមួយ សម្រាប់យកទៅសិក្សា អំពីការអភិវឌ្ឍប្រព័ន្ធទូទាត់បែបឌីជីថល នៅតាមបណ្តាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុនៃប្រទេសដទៃផ្សេងៗ។

លោក Dorji ក៏បានឆ្លៀតយកឱកាសនេះ ស្នើអញ្ជើញលោ​កជំទាវទេសាភិបាល ចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែ​កពីបទពិសោធន៍ នៃការអភិវឌ្ឍប្រព័ន្ធបាគង ក្នុងវេទិកានវានុវត្តន៍ប៊ូតង់ (Bhutan Innovation Forum) ដែលគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណដល់គណៈប្រតិភូផ្សារមូលបត្រប៊ូតង់ ដែលបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ផ្នែកប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងបានស្វាគមន៍ ចំពោះការស្នើឡើងអំពីកិច្ចសហប្រតិ​បត្តិការនានា រួមទាំងការសិក្សាស្វែងយល់ អំពីការអភិវឌ្ឍប្រព័ន្ធបាគង។

បន្ថែមពីលើនេះ លោកជំទាវក៏បានផ្តល់ការឯកភាពជាគោលការណ៍ លើសំណើអញ្ជើញ ចូលរួមជាវាគ្មិនក្នុងវេទិកានវានុវត្តន៍ប៊ូតង់ នាពេលខាងមុខផងដែរ៕