NBC រៀបចំវគ្គបណ្តុះបណ្តាលពីការព្យាករស្ថិរភាពគោលនយោបាយហិរញ្ញវត្ថុ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការព្យាករស្ថិរភាពគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ”។

វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនា​គារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន)កាលពីថ្ងៃទី៥ សីហា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្ដល់ឱកាសដល់សិក្ខាកាម ក្នុងការសិក្សាស្វែងយល់ និងពិភាក្សាអំពី៖ ១/- តួនាទីនិងប្រសិទ្ធភាព ក្នុងដំណាក់កាលផ្សេងគ្នា នៃវដ្ដសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២/-គោលបំណងនិងឧបករណ៍ របស់នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ៣/-ការអនុវត្តនយោបាយចម្រុះដើម្បីដោះស្រាយវិបត្តិ និង៤/-ការចែករំលែកបទពិសោធន៍ដែលបានឆ្លងកាត់ ក្នុងអំឡុងពេលដែលមានវិបត្តិ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធជាក់ស្តែង ក្នុងបទឧទ្ទេសនាមដោយវាគ្មិនជំនាញកម្រិតអន្តរជាតិ ដែលមកពីមជ្ឈមណ្ឌលស៊ាសិន និងស្ថាប័នអន្តរជាតិដទៃទៀត។

វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥-៩ ខែសីហាឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមចំនួន៣៩ រូប ជាតំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ នៃប្រទេសចំនួន១១ ដែលជាសមាជិករបស់មជ្ឈមណ្ឌលស៊ាសិន៕