ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រិនស្ត្រី។
សម្តេចបានកត់សម្គាល់ថា សហគ្រិនស្ត្រីនៅជួបប្រទះ នឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះក៏មានកម្រិត នៃលទ្ធភាពទទួលបានហិរញ្ញវត្ថុផងដែរ។
សម្តេចថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាចដល់ស្ត្រី និងប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបានចក្ខុវិស័យនេះ ហើយថា កម្ពុជា តែងផ្ដល់តម្លៃដល់ស្ត្រីគ្រប់រូប ផ្ដល់ការគោរព និងផ្ដល់អំណាចដល់ពួកគេ ដើម្បីសម្រេចបានសក្ដានុពលពេញលេញ។
នាយករដ្ឋមន្ត្រីកត់សម្គាល់ថា “មានស្ត្រីវ័យក្មេងក្លាហានប្រកបដោយមហិច្ឆតាខ្ពស់ ដែលមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគេឱ្យក្លាយជាការពិត”។ សម្តេចបន្តថា “នេះជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់សហគមន៍អាស៊ានទាំងមូល”។
ក្នុងពិធីបើក “វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្ដាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ២០២៤” នាថ្ងៃទី១ សីហា នៅរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ថ្លែងជាភាសាអង់គ្លេសតាមរយៈការបកប្រែថា “ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ខ្ញុំ នឹងបន្តវិនិយោគលើ… និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះគ្រប់ឧបសគ្គ”។
សម្តេចថ្លែងថា រដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជាទទួលស្គាល់បញ្ហាប្រឈមសហគ្រិនស្ត្រី និងយល់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច ហើយរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើការយ៉ាងសកម្មក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ។
ថ្លែងក្នុងពិធីនេះ លោកស្រី អេង លីគង់ ប្រធានបណ្ដាញ AWEN និង CamWEN ជំរុញដល់ស្ត្រីចែករំលែកក្ដីសុបិន ការបណ្ដុះគំនិត និងចំណេះដឹង ព្រមទាំងពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីដើម្បីធានាថា ស្ត្រីគ្រប់រូបត្រូវបានគាំពារ។
លោកស្រីថ្លែង ជាភាសាអង់គ្លេស តាមរយៈការបកប្រែថា”ផ្លូវដែលយើងដើរទៅមុខ គឺវាមិនងាយស្រួលនោះទេ។ វាតែងតែមានបញ្ហា និងឧបសគ្គផ្សេងៗទៀត”។ លោកស្រីបន្តថា “នេះជាពេលវេលា ដែលយើងត្រូវរួបរួមគ្នា ដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់យើង ក៏ដូចជាទទួលបាននូវសក្ដានុពលផ្សេងៗទៀត”៕