វៀតណាមគ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវ ដើម្បីដឹកជញ្ជូនធ្យូងថ្មពីប្រទេសឡាវ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសវៀតណាម គ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវចម្ងាយ៦គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនធ្យូងថ្ម ពីប្រទេសឡាវ ក្រោមទុនវិនិយោគ ជាង៥៨លានដុល្លារអាមេរិក សំដៅដឹកជញ្ជូនធ្យូងថ្ម ឱ្យបាន៣០លានតោនជារៀងរាល់ឆ្នាំ។

យោងតាមរដ្ឋបាលមូលដ្ឋានខេត្ត Quang Tri របស់ប្រទេ សវៀតណាម បានឱ្យដឹងថា ខ្សែក្រវ៉ាត់ផ្លូវនេះ នឹងលាតសន្ធឹងចេញពីចំណុច ចាប់ផ្តើមត្រង់ព្រំដែនឡាវ-វៀតណាម ទៅកាន់ឃ្លាំងមួយ ស្ថិតក្នុងឃុំ A Ngo ស្រុក Dakrong ក្នុងខេត្ត Quang Tri ដែលមានទំហំផ្ទៃដីសរុបជិត២៤ហិកតា។

គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលដៅដើម្បីធ្វើឱ្យប្រសើរឡើង នូវមធ្យោបាយដឹកជញ្ជូនធ្យូងថ្ម រវាងវៀតណាម និងឡាវ និងដោះស្រាយបញ្ហាផ្លូវថ្នល់ ខូចគុណភាពមួយចំនួន សំដៅបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងដែនរវាងប្រទេសជិតខាងទាំង២។

ជាមួយគ្នានេះ នៅពេលសាងសង់រួចរាល់ ខ្សែក្រវ៉ាត់ផ្លូវចម្ងាយ៦គីឡូម៉ែត្រនេះ នឹងជួយធានាសន្តិសុខថាមពលរបស់វៀតណាមដល់ឆ្នាំ២០៣០ ព្រមទាំងជួយបំពេញតម្រូវការធ្យូងថ្មក្នុងស្រុក និងកាត់បន្ថយសម្ពាធគយ នៅច្រកទ្វារព្រំដែនអន្តរជាតិ La Lay និងបញ្ចៀសការដឹកទំនិញ លើសទម្ងន់នៅលើផ្លូវជាតិក្នុងស្រុក។

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រទេសឡាវ បានបង្កើ នការនាំចេញធ្យូងថ្ម ទៅកាន់វៀតណាម ភាគច្រើនតាមរយៈព្រំដែនខេត្តQuang Triជាប់ខេត្តSalavan របស់ប្រទេសឡាវ ជាពិសេសនៅច្រកទ្វារព្រំដែនអន្តរជាតិLa Lay។ នៅទីនោះ គេសង្កេតឃើញ មានការដឹកជញ្ជូនធ្យូងថ្ម ក្នុងបរិមាណជិត៤ពាន់តោនក្នុងមួយថ្ងៃ។

ជាក់ស្ដែង កាលពីឆ្នាំ២០២៣ រដ្ឋបាលខេត្តQuang Tri របស់វៀតណាម បាននាំចូលធ្យូងថ្មជាង២លានតោន មកពីប្រទេសឡាវ ដែលនាំឱ្យមានការកកស្ទះ កាន់តែខ្លាំងនៅតាមច្រកទ្វារព្រំដែន និងបង្កការខូចខាតផ្លូវថ្នល់ក្នុងស្រុក ព្រោះការដឹកលើសចំណុះ៕ប្រភព: Tuoi Tre News៕