រុស្ស៊ី និងឥណ្ឌា កំពុងពន្លឿនការពិភាក្សាលើការអភិវឌ្ឍតភ្ជាប់កំពង់ផែដឹកទំនិញតាមផ្លូវសមុទ្រ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់លើកឡើងថា ការពិភាក្សាគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្លូវសមុទ្រ តភ្ជាប់រវាងទីក្រុង Chennai និងទីក្រុង Vladivostok កំពុងសម្រេចបានវឌ្ឍនភាព។

មន្ត្រីរូបនោះបញ្ជាក់ថា “កិច្ចសន្ទនារវាងរុស្ស៊ី និងឥណ្ឌាបានបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីការបោះឆ្នោតនៅឥណ្ឌា ហើយរដ្ឋាភិបាលទាំង២ កំពុងព្យាយាមពន្លឿនការអភិវឌ្ឍន៍ផ្លូវសមុទ្រ ដែលតភ្ជាប់រវាងកំពង់ផែ Chennai របស់ឥណ្ឌា និងកំពង់ផែ Vladivostok របស់រុស្ស៊ី ”។

ជាមួយគ្នានេះ លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេ​សរុស្ស៊ីនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា(EEF) មុនពេលគណៈប្រតិភូពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា។

មន្ត្រីរដ្ឋាភិបាលមួយរូបទៀត បានថ្លែងប្រាប់សារពត៌មា​ន​ Moneycontrol ថា លោកAnton Kobyakov ទីប្រឹក្សារបស់ប្រធានាធិបតីរុស្ស៊ី លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  និង  គណៈប្រតិភូធុរកិច្ចរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីរុស្ស៊ីធ្លាប់បានអះអាងថា ខ្លួនមានបំណងបង្កើនទំហំពាណិជ្ជកម្ម ជាមួយឥណ្ឌាឱ្យកើនឡើងទ្វេរដង តាមរយៈកំពង់ផែ Vladivostok និងកំពង់ផែ Chennai របស់ឥណ្ឌា ដែលមានចម្ងាយពីគ្នា ប្រមាណ១០.៣០០គីឡូម៉ែត្រ។

នៅពេលគម្រោងផ្លូវសមុទ្រ បើកដាក់ឱ្យដំណើរការ កប៉ា​ល់​នឹងត្រូវចំណាយពេល២៤ថ្ងៃ ដើម្បីដឹកជញ្ជូនទំនិញពីប្រទេ​សឥណ្ឌា ទៅកាន់កំពង់ផែរបស់រុស្ស៊ី ខណៈបច្ចុប្បន្នគេត្រូវចំណាយពេលចំនួន៤០ថ្ងៃ។ 

ចំណែកឯ ផ្លូវពាណិជ្ជកម្មសមុទ្រ រវាងកំពង់ផែក្នុងទីក្រុងបុមបៃ និងកំពង់ផែទីក្រុងSt Petersburg មានចម្ងាយពីគ្នាប្រហែ​ល១៦.០៦៦គីឡូម៉ែត្រ ដែលកប៉ាល់ដឹកទំនិញ ត្រូវចំណាយពេលធ្វើដំណើរប្រហែល ចាប់ពី៣៥ថ្ងៃទៅ៤០ថ្ងៃ៕ប្រភព:Moneycontrol៕