ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យថ្មី ចុងក្រោយបង្អស់ពីទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម បានបង្ហាញថា នៅចន្លោះពីខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ វៀតណាមទាក់ទាញ បានលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់ចំនួន១៨ពាន់លានដុល្លារ កើនឡើង១០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមទិន្នន័យលម្អិតមួយទៀតបង្ហាញថា គិតចាប់ពីខែមករា ដល់ខែកក្កដា លំហូរ FDI ថ្មី មានទំហំទឹកប្រាក់សរុបចំនួន១០,៧៦ពាន់លានដុល្លារ កើនឡើង៣៥,៦% ខណៈការបោះទុនវិនិយោគ បន្ថែមលើគម្រោងដែលមានស្រាប់ មានទំហំទឹកប្រាក់ចំនួន៤,៩៧ពាន់លានដុល្លារ កើនឡើងជិត២០%។ចំណែក ការបណ្តាក់ទុនវិនិយោគពីបរទេស តាមរយៈការចូលរួមចំណែកមូលធន និងការទិញភាគហ៊ុនវិញ បានដាំក្បាលចុះ៤៥,២%មកនៅត្រឹម២,២៧ពាន់លានដុល្លារ។
ទិន្នន័យដដែលបង្ហាញទៀតថា ឧស្សាហកម្មកែច្នៃ និងផលិតកម្ម បានឈរនៅលេខរៀងទី១ ដោយទទួលបានទំហំទុនវិនិយោគពីបរទេសច្រើន ជាងគេបំផុតចំនួន១២,៦៥ពាន់លានដុល្លារ ឬស្មើនឹងចំណែក៧០,៣% នៃលំហូរ FDIសរុប ខណៈដែលវិស័យអចលនទ្រព្យ បានឈរនៅចំណាត់ថ្នាក់លេខ២។
ក្នុងចំណោមបណ្តាប្រទេស និងដែនដីចំនួន៩១ ដែលបានបោះទុនវិនិយោគនៅវៀតណាម ក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំ២០២៤ គេសង្កេតឃើញថា ក្នុងនោះ សិង្ហបុរីគឺជាប្រភពអ្នកវិនិយោគធំជាងគេ ដោយបានចុះបញ្ជីដើមវិនិយោគ ជិត៦,៥២ពាន់លានដុល្លារ កើនឡើងជិត៨០%។
ចំណែកទីក្រុងហុងកុង ជាប្រភពអ្នកវិនិយោគធំជាងគេទី២ ដែលបានបោះទុនវិនិយោគនៅវៀតណាម ក្នុងទំហំទឹកប្រាក់សរុបចំនួន២,១៩ពាន់លានដុល្លារ កើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមអ្នកជំនាញបានវាយតម្លៃថា ប្រទេសវៀតណាមមានភាពទាក់ទាញជាច្រើន សម្រាប់ក្រុមហ៊ុនវិនិយោគ មកពីបរទេ ស ដោយក្នុងនោះរួមមានទាំងគោលនយោបាយ កំណត់យកពន្ធសាជីវកម្មក្នុងអត្រាសមរម្យ និងដាក់ចេញគោលការណ៍លើកទឹកចិត្តនានា សម្រាប់ក្រុមហ៊ុនផលិតកម្មអន្តរជាតិ។
លើសពីនេះទៀត រដ្ឋាភិបាលវៀតណាមបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលគ្របដណ្តប់ ចំណែក៥,៧%នៃផលទុនជាតិសរុប (GDP) ៕ប្រភព: Vnexpress៕