ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ដាក់ចេញផែនការសកម្មភាពរបស់ខ្លួន

ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍សុខ សូកេន បានបង្ហាញផែនការសម្មភាព ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ដោយបែងចែកជាសកម្មភាពចំពោះមុខ សកម្មភាពរយៈពេលខ្លី ធម្យម និងរយៈពេលវែង។

ការបង្ហាញផែនការសកម្មភាពនេះ ធ្វើឡើងក្នុងសិក្ខាសា លាស្ដីពីការស្ដារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា (Cambodia Tourism Revival) កាលពីថ្ងៃទី២៥ខែកក្កដា។

លោកសុខ សូកេន ដែលជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដែលមាន បានថ្លែងថា សម្រាប់សកម្មភាពចំពោះមុខ ក្នុងរយៈពេល៦ខែនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងផ្ដោតទៅលើការជំរុញការផ្សព្វផ្សាយ និងការទាក់ទាញទីផ្សារ ការពង្រឹងការតភ្ជាប់ទំនាក់ទំនង របស់ផ្នែកឯកជន និងការជំរុញការផ្គូផ្គងផ្នែកឯកជន ក្នុងការលក់កញ្ចប់ទស្សនកិច្ច ក្នុងគោលដៅទាញយកភ្ញៀវទេសចរភ្លាមៗ។

លោកបន្តថា ការងារនេះ ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ និងសកម្មភាពជំរុញទេសចរណ៍ តាមរយៈយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ និងយុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន ក៏ដូចជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១។

ក្នុងរយៈពេលនេះដែរ ក្រុមប្រឹក្សានេះនឹងជំរុញការរៀបចំដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីទេសចរណ៍ (FAM Trips) កម្មវិធីបង្ហាញសក្ដានុពលទេសចរណ៍ ក្រៅប្រទេស Roadshows និងពិព័រណ៌ទេសចរណ៍ Travel Fairs ទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសនៅខេត្ដសៀមរាប ប្រទេសចិននិងឥណ្ឌា ដែលមានការចូលរួមពីផ្នែកឯកជន។

សកម្មភាពទាំងនេះរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានជាក់ស្ដែងភ្លាមៗ។

លោកសុខ សូកេន ថ្លែងថា ក្នុងន័យនេះ ក.ផ.ផ. នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវ ការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ ទាំងនេះទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមក ទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបន្តថា សម្រាប់សកម្មភាពរយៈពេលខ្លី ពី ៦-១២ខែ ក្រុមប្រឹក្សានេះ នឹងផ្ដោតលើការពង្រីកការយល់ដឹង ពីកិត្តិនាមរបស់កម្ពុជា និងយុទ្ធនាការកំណត់ទីផ្សារក្រៅប្រទេស ផ្ដោតសំខាន់លើយុទ្ធនាការ ទំនាក់ទំនងសាធារណៈ និងពង្រីកយុទ្ធសាស្ត្រទាក់ទាញទីផ្សារគោលដៅសំខាន់ៗ។

សម្រាប់សកម្មភាពរយៈពេលមធ្យម និងវែង ក្រុមប្រឹក្សាដដែល នឹងផ្ដោតទៅលើការពង្រីក ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈវេទិកានានា ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ទេសចរណ៍លំហែ បែបធុរកិច្ច និងសុខុមាលភាព និងការជំរុញគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។

លោក សុខ សូកេនបានបញ្ជាក់ថា កិច្ចប្រឹងប្រែងស្ដារវិស័យទេសចរណ៍ឡើងវិញ ក៏ត្រូវបានលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ ជាពិសេសដំណោះស្រាយគន្លឹះ ក្នុងការជំរុញឱ្យវិស័យទេសចរណ៍ងើបឡើងវិញ សម្រាប់ រដូវកាលដែលមានភ្ញៀវច្រើន ឬ High Season នៃឆ្នាំ២០២៤ និងសម្រាប់ឆ្នាំ២០២៥ទាំងមូល។

កាលពីសប្ដាហ៍មុន ក្រសួងទេសចរណ៍កម្ពុជា និងភាគីថៃ បានរៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ រវាងប្រទេសទាំង២ជាលើកទី៣ ដោយបានសម្រេចធ្វើការសម្របសម្រួល ការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន សម្រាប់ទេសចរមកពីប្រទេសទាំងពីរ និងទេសចរអន្តរជាតិមកពីប្រទេសទីបី។

ភាគីទាំងពីរក៏បានសម្រេចផ្សព្វផ្សាយ ទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរ គោលដៅមួយ” និងការធ្វើដំណើរស្វែងយល់អំពីសក្ដានុពល នៃគោលដៅទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញឲ្យភ្ញៀវទេសចរ ទៅចូលរួមកម្មវិធីទេសចរណ៍ដែលប្រទេសនីមួយៗរៀបចំ និងកិច្ចសហការមួយចំនួនទៀត។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៕