ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកកស្ទះចរាចរណ៍កំពង់ផែ នៅក្នុងប្រទេសសិង្ហបុរី ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយ នៅទ្វីបអាស៊ី កំពុងរីករាលដាលដល់ប្រទេសម៉ាឡេស៊ី ដែលការណ៍នេះបានធ្វើឱ្យស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញទំនិញ។
កប៉ាល់កុងតឺន័រប្រមាណ២០គ្រឿង ត្រូវបានចូលចតនៅក្បែរកំពង់ផែ Port Klang ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសម៉ាឡេស៊ី ដែលមានទីតាំងនៅជិតទីក្រុងគូឡាឡាំពួ។ កំពង់របស់ប្រទេសជិតខាងទាំង២នេះ ស្ថិតនៅលើច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវទឹកដ៏សំខាន់ ដែលតភ្ជាប់ការដឹកជញ្ជូនរវាងទ្វីបអឺរ៉ុប និងទ្វីបមជ្ឈិមបូព៌ាឆ្ពោះមកកាន់តំបន់អាស៊ីបូព៌ា។
ការកកស្ទះចរាចរណ៍កប៉ាល់ដឹកទំនិញ នៅកំពង់ផែម៉ាឡេស៊ី និងសិង្ហបុរី បណ្តាលមកពីកប៉ាល់ជាច្រើន ដែលកំពុងបន្តផ្លាស់ប្តូរទិសដៅ ធ្វើដំណើរចេញពីព្រែកជីកស៊ុយអេ និងសមុទ្រក្រហម ដោយសារតែការវាយប្រហារ របស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រក្រុមហាម៉ាស់ នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល។ កប៉ាល់ជាច្រើន ដែលត្រូវធ្វើដំណើរឆ្ពោះមកកាន់តំបន់អាស៊ី កំពុងបើកបរវាងតាមភាគខាងត្បូង នៃទ្វីបអាហ្រ្វិក។
កំពង់ផែ Port Klang គឺជាចំណតដ៏សំខាន់មួយ ព្រោះកំពង់ផែនេះ មានទីតាំងនៅជិតទីក្រុងគូឡាឡាំពួរ។
យោងតាមរូបភាពដែលថតបាន បង្ហាញថា កប៉ាល់ជាច្រើន កំពុងតម្រង់ជួរចូលចតនៅចំណតនេះ។ ចំណែកកំពង់ផែ Tanjong Pelepasដែលមានទីតាំងក្បែរ ព្រំដែនជាមួយសិង្ហបុរី ក៏កំពុងកកស្ទះផងដែរ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ការកកស្ទះនៅកំពង់ផែដឹកជញ្ជូន របស់សិង្ហបុរី អាចបន្តអូសបន្លាយរហូតដល់ខែសីហាខាងមុខ។ ចំនួនកប៉ាល់កុងតឺន័រ បានកើនឡើងជាលំដាប់ ដែលនាំឱ្យការដឹកជញ្ជូនទំនិញ ជួបប្រទះការយឺតយ៉ាវ និងខកខានពេលវេលា៕ប្រភព: The economic times៕