ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងអធិការកិច្ច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមាន លោកបណ្ឌិតសោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក Johann Rebert តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះ បានផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training) ដែលមានរយៈពេលសិក្សា ១៦៨ ម៉ោង សម្រាប់មន្រ្តីរាជការ នៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅចុងខែសីហា ហើយបញ្ចប់ នៅចុងខែធ្នូ ឆ្នាំ២០២៤ ដែលចំណាយក្នុងទំហំទឹកប្រាក់ចំនួន២៦.០២០ដុល្លារ៕