ទោះកំពុងមានជម្លោះជាមួយចិន ហ្វីលីពីននៅតែបន្តសាងសង់ ព្រលានយន្តហោះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីន បានចាប់ផ្តើមការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីមួយទៀត នៅលើកោះ Pag-asa ក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិ ស្របពេលទីក្រុងម៉ានីល កំពុងមានជម្លោះដែនទឹក និងភាពតានតឹងជាមួយទីក្រុងប៉េកាំង។

ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ ត្រូវបានរាយការណ៍ដំបូងបង្អស់ ដោយសារពត៌មាន Bloomberg។ ការអភិវឌ្ឍន៍នេះ ក៏ត្រូវបានគេមើលឃើញផងដែរថា ជាចំណាត់ការមួយរបស់ហ្វីលីពីន ដើម្បីបង្កើនការចូលទៅកាន់ដែនកោះ ទាំងគោលបំណងស៊ីវិល និងយោធា។

យោងតាមប្រភពពីសារពត៌មាន Bloomberg បានឱ្យដឹងថា ការចាក់ដីបំពេញដើម្បីសាងសង់ ពង្រីកផ្លូវរត់សម្រាប់យន្តហោះចុះចត កំពុងតែដំណើរការទៅមុខ។ នៅពេលគម្រោងនេះ ត្រូវបានបញ្ចប់រួចរាល់ អាកាសយានដ្ឋាននេះ នឹងធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរទៅ និងមកពីកោះដាច់ស្រយាល ព្រមទាំងមានសក្តានុពល ជំរុញវិស័យទេសចរណ៍ និងការវិនិយោគនៅក្នុងតំបន់ថែមទៀតផង។

ក្រៅពីស្ថាបនាព្រលានយន្តហោះនៅលើកោះ Pag-asa ហ្វីលីពីន ក៏គ្រោងបញ្ចប់ការសាងសង់ផ្លូវរត់ សម្រាប់យន្តហោះយោធានៅលើកោះ Balabac ក្នុងខេត្ត Palawan ដែលស្ថិតនៅជិតសមុទ្រចិនខាងត្បូងផងដែរ។

កោះ Balabac គឺជាទីតាំងថ្មីមួយ ក្នុងចំណោមទីតាំងថ្មីដទៃទៀត ដែលយោធាអាមេរិក អាចចូលប្រើប្រាស់បានក្រោមកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានមានប្រសាសន៍ឱ្យដឹងថា “យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការសាងសង់ផ្លូវរត់ ក្នុងគោលបំណងយោធានៅលើកោះ Balabac ដោយសារតំបន់នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ។ នេះបើយោងតាមសារព័ត៌មាន Bloombergដដែល។

គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗខាងលើ ស្ថិតក្នុងចំណោមអាទិភាពរបស់រដ្ឋបាលលោក Marcos ក្នុងគោលបំណងបើកចំហតំបន់ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល ដើម្បីទាក់ទាញការវិនិយោគថ្មី បន្ធូរបន្ថយការដឹកជញ្ជូនតាមផ្លូវគោក និងពង្រឹងវិស័យទេសចរណ៍។
យ៉ាងណាមិញ ការអភិវឌ្ឍន៍ព្រលានយន្តហោះ នៅលើកោះ Pag-asa អាចនឹងធ្វើឱ្យទំនាក់ទំនង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កាន់តែមានភាពតានតឹង ថែមមួយកម្រិតទៀត។

តួយ៉ាង អ្នកនាំពាក្យស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីលបានលើកឡើងថា “ប្រទេសចិនបានប្តេជ្ញាចិត្ត ក្នុងការដោះស្រាយជម្លោះពាក់ព័ន្ធជាមួយហ្វីលីពីន តាមរយៈការចរចាដោយផ្ទាល់ និងការពិគ្រោះយោបល់ជាមិត្ត ដោយឈរលើមូលដ្ឋាននៃការគោរពអង្គហេតុប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ”។

អ្នកនាំពាក្យរូបនោះបន្ថែមថា “យើងសង្ឃឹមថា ភាគីហ្វីលីពីននឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) និងវិលត្រលប់ទៅរកផ្លូវត្រឹមត្រូវតាមរយៈការចរចាទ្វេរភាគី”៕ប្រភព: Newsweek ៕