តើក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ និងភោជនីយដ្ឋាន Planet Hollywood មានជីវប្រវត្តិកកើតឡើងយ៉ាងដូចម្តេច?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Planet Hollywood International Inc គឺជាក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគាររបស់សហរដ្ឋអាមេរិក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ នៅលើពិភពលោក។

ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មមេ Earl Enterprises corporation ដែលត្រូវបានបង្កើតឡើងដោយលោក Robert Earl និងលោកKeith Barish។ ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុនឯកជន ផ្នែកបដិសណ្ឋារកិច្ចដែលទទួលបានភ្ញៀវសុទ្ធតែជាតារាល្បីៗឈ្មោះ។

ក្រុមហ៊ុន Planet Hollywood International បានចាប់បដិសន្ធិឡើងកាលពីតុលា ឆ្នាំ១៩៩១ នៅទីក្រុងញូវយ៉ក។ ប៉ុន្តែ បច្ចុប្បន្ន ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល នៅឯទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។

គិតមកត្រឹមឆ្នាំ២០២៤នេះ ក្រុមហ៊ុន Planet Hollywood International មានសាខាជាច្រើនទីតាំង ដែលផ្តល់សេវាកម្មដូចជាភោជនីយដ្ឋាន ការលក់រាយ សណ្ឋាគារ និងកាស៊ីណូ ហើយថែមទាំងមាន ក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះPlanet Hollywood Resorts International, LLC។

ក្រុមហ៊ុន Planet Hollywood ត្រូវបានបើកដំណើរការដំបូងនៅចុងឆ្នាំ១៩៩១ ដែលមានទីតាំង នៅក្នុងអគារការិយាល័យចំនួន២ជាប់ៗគ្នា គឺអគារ 130 West 57th Street និងអគារ 140 West 57th Street ស្ថិតក្នុងទីក្រុងញូវយ៉ក។

តារាអាមេរិកល្បីៗដូចជា លោក Arnold Schwarzenegger លោក Sylvester Stallone និងលោក Bruce Willis គឺជាតួអង្គដ៏សំខាន់ ដែលបានក្លាយជាអ្នកវិនិយោគ និងអ្នកជួយផ្សព្វផ្សាយអំពីក្រុមហ៊ុនខាងលើ។ នៅឆ្នាំបន្ទាប់ ក្រុមហ៊ុនបានបើកទីតាំងចំនួន៣ទៀត នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងឈីកាហ្គោ។

នៅឆ្នាំ១៩៩៣ ក្រុមហ៊ុនបានបើកទីតាំងថ្មី ចំនួនពីរទៀតនៅទីក្រុង Washington, DC និងទីក្រុង Cancunនៃប្រទេសម៉ិកស៊ិក។ សាខាថ្មីៗ ដែលបានបើកសម្ពោធ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ Gala ទទួលបានប្រាក់ចំណូលជិត១៥លានដុល្លារនៅក្នុងឆ្នាំដំបូងនៃប្រតិបត្តិការ។

ដោយមើលឃើញពីភាពជោគជ័យរបស់ខ្លួន ក្រុមហ៊ុនបានបន្តផែនការពង្រីកអាជីវកម្ម របស់ខ្លួនក្នុងឆ្នាំ១៩៩៤ ដោយបានងាក ទៅបង្កើតភោជនីយដ្ឋានថ្មីៗបន្ថែមទៀត ដូចជាភោជនីយដ្ឋាន Official All Star Café ដែលមានការតុបតែងបែបកីឡា។

នៅខែមេសា ឆ្នាំ១៩៩៦ ក្រុមហ៊ុន Planet Hollywood បានចុះបញ្ជីជាសាធារណៈ នៅលើផ្សារហ៊ុនក្រុងញូវយ៉ក ក្នុងតម្លៃ១៨ដុល្លារក្នុងមួយហ៊ុន។ ប៉ុន្តែនៅថ្ងៃដំបូងនៃការជួញដូរ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតចំនួន៣២ដុល្លារក្នុងមួយហ៊ុន។

បន្ថែមលើនោះ ក្រុមហ៊ុន Planet Hollywood International និងក្រុមហ៊ុន ITT Corporation បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីបើកកាស៊ីណូម៉ាក Planet Hollywood។

នៅឆ្នាំ១៩៩៧ ក្រុមហ៊ុន Planet Hollywood International Inc. បានបង្កើតហាងលក់ការ៉េម Cool Planet Cafeហើយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំដដែល សណ្ឋាគារ Official All Star Hotel ត្រូវបានបើកដំណើរការ ដែលកើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន ITT និងក្រុមហ៊ុន Planet Hollywood។

នៅក្នុងត្រីមាសទី៤ ឆ្នាំ១៩៩៧ ក្រុមហ៊ុនបានជួបប្រទះការខាតបង់ ក្នុងទំហំទឹកប្រាក់៤០លានដុល្លារ។ ស្រាប់តែនៅខែសីហា ឆ្នាំ១៩៩៨ ទីតាំងសិទ្ធិផ្តាច់មុខ ឬ Franchise នៅទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានរងការវាយប្រហារដោយគ្រាប់បែក និងនាំឱ្យមានការខាតបង់ចំនួន២៤៤លានដុល្លារ។

ក្រុមហ៊ុនបានជំពាក់បំណុល ចំនួន៣៥៩លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៩ដដែល ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំការក្ស័យធន ក្នុងគោលបំណងដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ក្រុមហ៊ុន Planet Hollywood បានរួចផុតពីស្ថានភាពក្ស័យធន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០០ បន្ទាប់ពីទទួលបានការអនុម័តលើផែនការ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដូចជាដើមទុន និងការរៀបចំរចនាសម្ព័ន្ធបំណុល រួមទាំងការបញ្ចូលសាច់ប្រាក់ បូករួមនឹងការដាក់ចេញផលិតផលថ្មី និងការកែលម្អការតុបតែង ម៉ឺនុយ និងស្វែងរកតារាល្បីៗ ដើម្បីជួយផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។

នៅខែតុលាឆ្នាំ២០០១ ក្រុមហ៊ុន Planet Hollywood International បានដាក់ពាក្យស្នើសុំការក្ស័យធនម្តងទៀត ដោយសារក្រុមហ៊ុនជំពាក់ បំណុលចំនួន១៣៥លានដុល្លារ ដែលបណ្តាលមកពី ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច ក្រោយពីមានការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ដែលបង្កឡើងដោយក្រុមអាល់កៃដា។

នៅខែកញ្ញា ឆ្នាំ២០០៨ ក្រុមហ៊ុន Planet Hollywood International Inc. បានទិញយកក្រុមហ៊ុន Buca, Inc. ដែលជាម្ចាស់ខ្សែសង្វាក់ភោជនីយដ្ឋាន Buca di Beppo។ ក្នុងខែកញ្ញា ឆ្នាំ២០១០ ក្រុមហ៊ុន Planet Hollywood បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនWyndham Hotel Group ដើម្បីលក់សិទ្ធិផ្តាច់មុខនៃម៉ាកយីហោរមណីយដ្ឋាន Planet Hollywood Resorts។

នៅឆ្នាំ២០២៣ ភោជនីយដ្ឋាន Planet Hollywood ដែលមានទីតាំងក្នុងសណ្ឋាគារ Caesars ត្រូវបានបិទជាអចិន្ត្រៃយ៍ បន្ទាប់ពីបានបើក អស់រយៈពេល២៩ឆ្នាំ ខណៈហាងកាហ្វេ The Cafe Hollywood នៅរមណីយដ្ឋាន Planet Hollywood ក្នុងទីក្រុង Las Vegas បន្តបើកដំណើរការធម្មតា៕ប្រភព: wiki pedia៕