ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីទំហំការការនាំចេញ និងទំហំទឹកប្រាក់ពីការនាំចេញកសិផលនៃវិស័យកសិកម្ម ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។
របាយការណ៍ដែលបានបង្ហាញ ដោយសម្តេចធិបតីរួមមាន ដូចជា ១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង៦លានតោន កើនឡើងជិត៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
កសិផលប្រមាណ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន៧៧ប្រទេសទូទាំងពិភពលោក។
២. ចំនួន៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖
– ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន
– ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់
– ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។
៣. កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
៤. គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។
៥. ទំហំទឹកប្រាក់ពីការនាំចេញ៖
– កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០លានដុល្លារ
– កសិផលស្រូវ៖ ជាង ៤០០លានដុល្លារ
– កសិផលអង្ករ៖ ជាង ២០០លានដុល្លារ
– ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ ចំនួនជាង៤៥០លានដុល្លារអាមេរិក៕