ដោយៈ គង់ សិរីម៉ាលីនណា
ភ្នំពេញៈ កំណើនឥណទាននៅកម្ពុជា បានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា២,៦ភាគរយ ជាកម្រិតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ នេះបើតាមលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ថ្លែងនៅក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ រៀបចំឡើងកាលពីថ្ងៃទី១៩ កក្កដា លោកស្រីជា សិរី បានថ្លែងថា ការធ្លាក់ចុះនៃចំនួនឥណទានបណ្ដាលមកពីការប្រុងប្រយ័ត្ន របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្របពេលមានភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក បណ្ដាលមកពីសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយ។
លោកស្រីថ្លែងថា “ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ បានជំរុញឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការផ្ដល់ឥណទាន ហើយស្របពេលនៃការងើបឡើងយឺត នៃវិស័យមួយចំនួនផងនោះ កំណើនឥណទានបានថមថយ ជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា២,៦ភាគរយ”។
លោស្រីបន្តថា ស្របពេលជាមួយគ្នានេះ អនុបាតឥណនាមិនដំណើរការ (ការសងមិនបានតាមកាលកំណត់) មានការកើនឡើងជាបន្តបន្ទាប់ដល់៦,៨ភាគរយ ក្នុងវិស័យធនាគារ និង៨,៣ភាគរយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ កម្រិតខ្ពស់នេះមួយផ្នែកក៏ដោយសារតែការធ្លាក់ចុះ នៃចំនួនឥណទានផងដែរ។
ចំណុចវិជ្ជមានដែលកម្ពុជាសម្រេចបាន គឺការរក្សាអត្រាអតិផរណាទាប ក្នុងកម្រិតត្រឹមតែ០,៤ភាគរយ នៅក្នុងរយៈពេល៦ខែឆ្នាំនេះ។ អត្រាអតិផរណាទាបនេះ ក៏ដោយសារតែការធ្លាក់ថ្លៃនៃក្រុមទំនិញមួយចំនួន ប្រេងឥន្ធនៈ និងសេវាពាក់ព័ន្ធ។ លើសពីនេះទៀត អត្រាប្ដូរប្រាក់ក៏មានស្ថិរភាពល្អដែរ គឺមានត្រា៤០៧៥ រៀលក្នុងមួយដុល្លារ កើនឡើងតែ០,៤ ភាគរយលើសឆ្នាំមុន។
លោកស្រីជា សិរីថ្លែងថា ការរក្សាបានអត្រាប្ដូរប្រាក់ឲ្យនៅក្រោម១ភាគរយ គឺជាជោគជ័យមួយរបស់កម្ពុជា បើប្រៀបធៀតទៅនឹងរូបិយប័ណ្ណមួយចំនួននៅក្នុងតំបន់… ការរក្សាបានស្ថិរភាពនេះ ដោយសារតែការអនុវត្តនយោបាយរូបិយវត្ថុ ដ៏ប្រុងប្រយ័ត្ន។
លើសពីនេះទៀត កម្ពុជាក៏បានពង្រឹងទំនុកចិត្តដល់វិនិយោគិន និងសាធារណជនទៅលើស្ថិរភាព សេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការសម្រេចបាន ទុនបម្រុងអន្តរជាតិខ្ពស់រហូតដល់ទៅប្រមាណ២០ពាន់លានដុល្លារ។ នេះបើតាមលោកស្រី ជា សិរី៕