ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកល នឹងសម្រេចបានក្នុងរង្វង់ត្រឹមតែ២,៨%ប៉ុណ្ណោះ នៅឆ្នាំ២០៣០ខាងមុខ លុះត្រាណាតែមានការធ្វើកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនផលិតភាព និងឥទ្ធិពលបច្ចេកវិទ្យាជាសកល។
របាយការណ៍ស្តីពីទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក (WEO) ដែលចេញផ្សាយដោយមូលនិធិ IMF បានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចពិភពលោក នឹងថមថយចុះបន្ថែមទៀតនៅឆ្នាំ២០៣០ បន្ទាប់ពីបានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក កាលពីឆ្នាំ២០០៨មក។
IMF បានអះអាងថា “ប្រសិនបើគ្មានការបោះជំហានទៅមុខ ប្រកបដោយមហិច្ឆតា ដើម្បីបង្កើនផលិតភាពទេនោះ កំណើនសេដ្ឋកិច្ចពិភពលោក នឹងស្ថិតក្រោមកម្រិតមធ្យមភាគប្រវត្តិសាស្ត្ររបស់ខ្លួន ដោយIMFព្រមានថា ការណ៍នេះក៏អាចបង្អាក់ការវិនិយោគផងដែរ”។
IMF បានបន្តថា “សេណារីយ៉ូស្តីអំពីការធ្លាក់ចុះ នៃកំណើ នសេដ្ឋកិច្ចសកល គួបផ្សំជាមួយនឹងការដំឡើងអត្រាការប្រាក់ ក៏អាចកាត់បន្ថយសមត្ថភាព របស់រដ្ឋាភិបាលនៃប្រទេសនីមួ យៗ ក្នុងការទប់ទល់នឹងការចំណាយទុនវិនិយោគ លើវិស័យសុខុមាលភាពសង្គម ឬគំនិតផ្តួចផ្តើមផ្នែកបរិស្ថាននានា”។
IMF គូសបញ្ជាក់ថា បញ្ហាទាំងអស់នេះ អាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរឡើង ដោយសារបញ្ហាដែលកើតចេញ ពីការបែងចែកភូមិសាស្ត្រនយោបាយសេដ្ឋកិច្ច និងគោលនយោបាយពាណិជ្ជកម្មឯកតោភាគី និងគោលនយោបាយឧស្សាហកម្ម ប្រកបដោ យគ្រោះថ្នាក់។
ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យបណ្តាប្រទេសនានា ចាត់វិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះ នៃចក្ខុវិស័យកំណើនសេដ្ឋកិច្ច ដោយព្រមានថា ការធ្លាក់ចុះនេះ អាចជះផលអវិជ្ជមាន ទៅលើជីវភាពរស់នៅ និងបង្កើនភាពក្រីក្រនៅលើពិភពលោក៕ប្រភព:Reuters៕