ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកនឹម សុធា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងសំណេះសំណាលក្នុងអង្គពិធី នាថ្ងៃទី១១ កក្កដា លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់នេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងដើរតួយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការវិស័យអប់រំកម្ពុជា-ចិន និងការបណ្តុះបណ្តាលភាសាចិន និងជំនាញបច្ចេកទេស ដល់និស្សិតរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមព្រៀង និងកំណត់ខ្លឹមសារនៃអនុស្សរណៈនេះឡើង ក្នុងគោលបំណងធានានិរន្តភាព និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរៀបចំថ្នាក់បណ្តុះបណ្តាលភាសាចិន សម្រាប់មន្ត្រីរាជការ បុគ្គលិក និងនិស្សិតវិទ្យាស្ថាន និងមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន៕