សមាគមគ្រឿងអលង្ការស្នើសុំមេ NBC ឲ្យសមាជិកបង្កើតគណនីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាផ្លូវការ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ  លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគ​មពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) ដឹកនាំដោយលោកជំទាវញ៉ែត ស្រីអូន ដែលជាប្រធានសមា​គមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី១១ កក្កដាកន្លងមកនេះ លោកជំទាវ ប្រធានសមាគម បានជម្រាបជូនលោកជំទាវទេសា​ភិបាលពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគម ដែលមានសមាជិកសរុបជាង៩០០នាក់ ព្រមទាំងបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រ​បសម្រួលនីតិវិធីនានា ដើម្បីអាចឱ្យសមាជិក សមាគមបង្កើតគណនី សហគ្រាសជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្លូវការបានដោយរលូនផងដែរ។

លោកជំទាវបញ្ជាក់ថា “គិតមកទល់ពេលនេះ សមាជិកសមា​គមភាគច្រើន នៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់កា​រទូទាត់នៅឡើយ”។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានជម្រាបជូនគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្ត របស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀត លើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាង កាន់តែរឹងមាំ និងតម្លាភាព ក្នុងប្រតិបត្តិការទិញ-លក់គ្រឿងអលង្ការ ឬត្បូងមានតម្លៃ។

លោកជំទាវបន្ថែមថា ការជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អាចបើកគណនីក្នុងនាមសហគ្រាស នឹងជួយឱ្យចំនួនអាជីវកម្ម ក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើង ស្រ បតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកៀងគរអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព និងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស។

លោកជំទាវបណ្ឌិតបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងយកសំណើរនេះ ទៅពិភាក្សាជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានា៕