កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ពីការនាំចេញក្នុងឆមាសទី១

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ ជាង១២ពាន់លានដុល្លារ កើនឡើង១២.៦% ខណៈការនាំចូល សម្រេចបានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កើនឡើង១២.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។

របាយការណ៍ដដែលបានឲ្យដឹងថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។

លោកប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញនៅតែមាន បើទោះបីជាមានការកាត់បន្ថយតិចតួច ដោយសារតែកម្ពុជាផលិតប្រភេទទំនិញចាំបាច់ ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ កសិផល អង្ករ ដែលធ្វើឲ្យប្រទេសនាំចូល នៅតែបន្តនាំចូល៕