ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានដឹកនាំកិច្ចប្រជុំលើសំណើរពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ចាំបាច់ត្រូវធ្វើការសិក្សា ឲ្យបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីឌិត ទីណា បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។
បើតាមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច”។ លោកបន្តថា “ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែ ច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ”៕