ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារខ្នាតយក្ស Standard Chartered (StanChart) របស់ប្រទេសអង់គ្លេសបានព្រមានថា “ប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី រួមជាមួយនឹងប្រាក់បាតរបស់ប្រទេសថៃ និងប្រាក់វ៉ុនរបស់ប្រទេសកូរ៉េខាងត្បូង អាចនឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារគោលនយោបាយ ពាណិជ្ជកម្មអវិជ្ជមានរបស់សហរដ្ឋអាមេរិក។
ធនាគារ StanChart បានសរសេរនៅក្នុងកំណត់ត្រាមួយថា “គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន អាចជះផលប៉ះពាល់អវិជ្ជមាន ក្នុងរយៈពេលខ្លីលើកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់តំបន់អាស៊ី ដោយសារប្រទេសចិន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់នេះ”។
ទោះបីជាយ៉ាងណាក្តី រូបិយប័ណ្ណរបស់បណ្តាប្រទេសមួយចំនួន ដែលពឹងផ្អែកលើសេដ្ឋកិច្ចក្នុងស្រុក ដូចជាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា នឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ។ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ាន អាចប្រឈមមុខនឹងការប៉ះទង្គិច ពីគោលនយោបាយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំង២។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីធនាគារ StanChart បានសម្លឹងឃើញពីផលប៉ះពាល់ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ដែលអាចជះឥទ្ធិពលមកលើរូបិយប័ណ្ណក្នុងតំបន់អាស៊ី ដោយផ្អែកលើសូចនាករជាច្រើន ដូចជា គោលនយោបាយរបាំងពាណិជ្ជកម្ម រួមទាំងអត្រាប្តូរប្រាក់របស់រូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងប្រាក់យ័នរបស់ប្រទេសចិន នៅក្នុងទីផ្សារក្រៅប្រទេស។
ធនាគារនេះក៏បានសម្លឹងមើលឃើញ អំពីផលប៉ះពាល់លើអត្រាប្តូរប្រាក់បរទេស ដែលកើតចេញពីការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។
ធនាគារ StanChart ព្យាករណ៍ថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ក្នុងកម្រិតទាបជាងការរំពឹងទុក ដោយសារការដំឡើងពន្ធ របស់អាមេរិកលើទំនិញរបស់ប្រទេសចិន នឹងធ្វើឱ្យសម្ពាធអតិផរណាបន្តកើនឡើង៕ប្រភព: The edge malaysia៕