រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចួលរូមជាវាគ្មិនបង្ហាញពីគោលនយោបាយផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម

ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយ នៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា។

កិច្ចពិភាក្សានេះមានវត្តមាន ចូលរួមដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។

វេទិកាធុរកិច្ចបារាំង-កម្ពុជា មានការចូលរួមពីតំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើន ដូចជា ក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សុខាភិបាល ថាមពល នគរូបនីយកម្ម ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិចំណីអាហារ ជាដើម។

វេទិកាធុរកិច្ចនេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយ សម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីវិស័យ សក្តានុពលជាច្រើនរបស់កម្ពុជា ជាពិសេសសម្រាប់ពង្រឹង ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តរវាងបារាំង និងកម្ពុជាផងដែរ៕