APFបន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក Geoffroy Roux De Bézieux បានថ្លែងថា ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៨ កក្កដា លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជា ទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

ព្រមជាមួយគ្នានេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ហើយក៏បានជម្រាបជូនសម្ដេចធិបតីថា ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ។

លោកបញ្ជាក់ថា “ការរៀបចំកិច្ចប្រជុំកំពូលនេះ នឹងជាឱកាស ក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា”។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Geoffroy Roux De Bézieux និងគណៈប្រតិភូ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា -បារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយសម្តេចធិបតី ក៏បានរំឭកផងដែរអំពីជំនួបរបស់សម្ដេច ជាមួយលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងអំឡុងពេលដែល សម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង កាលពីខែមករាឆ្នាំ២០២៤។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើម ក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅកម្ពុជា។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានសម្ដែងនូវក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំងហើយសម្ដេចធិបតី សង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលបានគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធាន APF និងគណ:ប្រតិភូ អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការ ដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតប ទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅកម្ពុជា៕