តើលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីមានតម្លៃប៉ុន្មាននៅដំណាច់ឆមាសទី១?

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងស៊ីដនី បានបំបែកកំណត់ត្រាខ្ពស់បំផុតកាលពីខែមិថុនា ដោយសារកំណើនតម្រូវការ និងកង្វះនៃការផ្គត់ផ្គង់ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន បានធ្លាក់ចុះអស់រយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែមិថុនា។

តម្លៃផ្ទះជាមធ្យមនៅទីក្រុងស៊ីដនី បានកើនឡើង០,៥% នៅក្នុងខែមិថុនា ដល់កំណត់ត្រា ក្នុងទំហំទឹកប្រាក់ចំនួន១,១៧លានដុល្លារអូស្ត្រាលី (ប្រមាណ៧៨០.០៩៧ដុល្លារអាមេរិក) ក្នុងមួយយូនីត។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CoreLogic Inc។
ចំណែកឯ តម្លៃផ្ទះនៅទីក្រុង Perth បានកើនឡើង២ភាគរយ ហើយតម្លៃផ្ទះនៅទីក្រុង Brisbane បានកើនឡើង១,២ភាគរយ។
យ៉ាងណាមិញ ទីក្រុងមែលប៊ន និងទីក្រុង Hobart គឺជាទីក្រុងចំនួន២ប៉ុណ្ណោះ ដែលបានជួបប្រទះការធ្លាក់ចុះ តម្លៃផ្ទះក្នុងចំណោមទីក្រុងធំៗទាំង៨ នៅក្នងប្រទេសអូស្ត្រាលី ។

ចំណែក រដ្ឋធានីកង់បេរ៉ា (Canberra) គឺជាទីផ្សារលំនៅដ្ឋាន ដែលមានតម្លៃថ្លៃជាងគេបំផុតទី២ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីទីក្រុងស៊ីដនី ដោយតម្លៃផ្ទះជាមធ្យមនៅទីនោះ មានទំហំទឹកប្រាក់៨៧០.០៧១ដុល្លារអូស្ត្រាលី (ប្រហែល៥៨០.១៤២ដុល្លារអាមេរិក) ក្នុងមួយយូនីត។ សរុបជារួមមក តម្លៃលំនៅដ្ឋាន នៅតាមទីក្រុងធំៗបានកើនឡើង០,៧% នៅក្នុងខែមិថុនា។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CoreLogic បានលើកឡើងថា “តម្លៃផ្ទះបានបន្តកើនឡើងជាលំដាប់ បើទោះបីជាមានហានិភ័យនានា ដូចជាឥទ្ធិពលសម្ពាធអត្រាការប្រាក់ មកលើថ្លៃចំណាយលើការរស់នៅ និងការដាក់ចេញគោលនយោបាយឥណទានយ៉ាងតឹងរឹង”។

ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ កង្វះនៃការផ្គត់ផ្គង់ផ្ទះ និងកំណើនប្រជាជន បានបណ្តាលឱ្យមានវិបត្តិលំនៅដ្ឋាននៅតាមទីក្រុងនានានៅប្រទេសអូស្ត្រាលី។ បញ្ហាទាំងអស់នេះបានជះផលប៉ះពាល់យ៉ាងខ្លាំង ទៅលើទីក្រុងនានា ជាពិសេសទីក្រុងស៊ីដនី ដែលតម្លៃផ្ទះជាមធ្យម មានកម្រិតស្មើនឹង១៣ដងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទូទៅ៕ ប្រភព:The edge Malaysia៕