បើទោះជាយើងកើតមិនទាន់ការកសាងអង្គរវត្ត តែយើងមានមោទកភាពដែលកើតទាន់ការជីកព្រែកហ្វូណនតេជោ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទកភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ” ប្រសាសន៍លើកឡើងដោយលោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោកាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ លោកសន្តិបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អភិបាលខេត្តកណ្ដាល និងមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបពិភាក្សា បែងចែកភារកិច្ចដោយផ្ទាល់ ជូនដល់សមាជិកគណៈកម្មការអន្តរក្រសួងរៀបចំ ពិធីបើកការដ្ឋានទាំងអស់ ដើម្បីធានាដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងកិច្ចការងាររៀបចំពិធី បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជាព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្រ្ត ប្រកបដោយមោទកភាព។

ព្រឹត្តិការណ៍បើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នឹងប្រារព្ធឡើង ក្នុងភូមិសាស្ត្រព្រែកតាកែវ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មី លើកទីមួយរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាគម្រោងព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់ផ្លូវទឹកពីទន្លេរកម្ពុជា ទៅសមុទ្រដោយផ្ទាល់។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងនេះ បានបញ្ចប់ការសាងសង់រួចរាល់ នឹងផ្ដល់ត្រឡប់មកនូវ អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម ទេសចរណ៍ ពិសេសឯករាជ្យភាព នយោបាយដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការចូលរួមកាត់បន្ថយ ពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះគ្រោះថ្នាក់ចរាចរណ៍ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចេញចូល និងបង្កើនពហុមធ្យោបាយដឹកជញ្ជូនកម្ពុជាផងដែរ។

គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់ នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះ ទៅគណៈកម្មការទន្លេមេគង្គ(គណៈកម្មការរួម) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕