រដ្ឋមន្រ្តីផែនការៈ ស្ថិតិគណនេយ្យជាតិជាការងារសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច មានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា ។

លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាដែលបានប្រារពធ្វើកាលពីថ្ងៃទី២ កក្កដាថា បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុប(ផ.ស.ស) គឺផ្អែកលើឆ្នាំគោល ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាម អនុសាសន៍ នៃសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្តង ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង។

លោកបញ្ជាក់ថា “ការផ្លាស់ប្តូរនេះ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និង រចនាសម្ព័ន្ធ សេដ្ឋកិច្ចមានសង្គតិភាព”។
លោកប៊ិន ត្រឈៃបានបន្តថា តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការ ផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប មានប្រភពទិន្នន័យគ្រប់គ្រាន់ (ទិន្នន័យ ជំរឿន អង្កេត ទិន្នន័យរដ្ឋបាល)។

ក្នុងន័យនេះ ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺ ត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា៖ ជញ្ជីងទូទាត់ (ធនាគារជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង- ស្ថាប័នផ្សេងទៀត របស់រាជរដ្ឋាភិបាលគ្រប់គ្រាន់ ៕