ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែកក្កដា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី Kamikawa នឹងជួបដាច់ដោយឡែក ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមានជំនួបទ្វេរភាគី ជាមួយលោក សុខ ចិន្តាសោភា។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកជំទាវ ខាមីខាវ៉ា យ៉ូកុ នឹងរក្សាសន្ទុះនៃការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់ និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
ដំណើរទស្សនកិច្ចលើកទី១របស់លោកស្រី ខាមីខាវ៉ា ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ បានដំឡើងទំនាក់ទំនងរបស់ខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣។
លោក ឯក ប៊ុនលី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់បានថ្លែងថា ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីទំនាក់ទំនង “ដ៏រឹងមាំ” ដែលមានស្រាប់រវាងកម្ពុជា-ជប៉ុន។
លោកបន្តថា ទោះបីទំនាក់ទំនងនៃប្រទេសទាំងពីរ មានភាពរឹងមាំរួចទៅហើយក៏ដោយ ក៏ដំណើរទស្សនកិច្ចនេះបង្ហាញថា ប្រទេសទាំងពីរចង់ពង្រឹងទំនាក់ទំនង ទ្វេរភាគីឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ចំណែកលោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀន នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុន មានឱកាស និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាច្រើនទាំងកម្រិតតំបន់ និងទ្វេភាគី។ ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ដែលបានគាំទ្រការអភិវឌ្ឍកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក។
លោកថ្លែងថា “ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងគាំទ្រ ដល់កម្លាំងពលកម្មជំនាញរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ខណៈនៅកម្រិតតំបន់ ប្រទេសទាំងពីរនឹងពិភាក្សា អំពីសន្តិសុខក្នុងតំបន់ និងការអភិវឌ្ឍអំពីវិធីសាស្ត្រដែលកម្ពុជា និងជប៉ុនអាចគាំទ្រយន្តការ ក្នុងតំបន់ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់៕