ឯកអគ្គរដ្ឋទូតកម្ពុជាបញ្ជាក់ពីការវិវត្តយ៉ាងឆាប់រហ័សនៃ E-Commerceនៅ កម្ពុជា

ដោយៈ គង់ ម៉ាលីនណា
ហ្សឺណែវៈ លោកអគ្គរាជទូតកម្ពុជា លោកសួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO និងអង្គការអន្តរជាតិ បានកត់សម្គាល់អំពីការវិវត្តន៍ដ៏ឆាប់រហ័សនៅកម្ពុជា នៃវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច (e-Commerce)។

លោកក៏បាន លើកឡើងពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលើការកសាងគោលនយោបាយ និងគំនិតផ្តួចផ្តើមនានា ដែលគាំទ្រដល់ការរីកចម្រើន វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា។

លោកថ្លែងបែបនេះ ក្នុងព្រឹត្តិការណ៍ការត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មសកលលើកទី៩ (9th Global Review of Aid for Trade) ដែលប្រព្រឹត្តទៅ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ជាមួយគ្នានេះ លោកអគ្គរាជទូត ក៏បានបញ្ជាក់ពីថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា ហៅថា CambodiaTrade ដែលត្រូវបានបង្កើតឡើង ក្នុងគោលដៅបង្កើនកាលានុវត្តភាព របស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម(MSMEs) ជាពិសេសសហគ្រាសនៅតាមបណ្តាខេត្ត និងសហគ្រាសដែលដឹកនាំដោយស្ត្រី ក្នុងការទាញយកអត្ថប្រយោជន៍ពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងគម្រោងមួយចំនួនទៀត ដែលបានអនុវត្តដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាព Global Alliance for Trade Facilitation៕