ដោយ: គង់ លាងហួរ
ប៉េកាំង: ទស្សនាវដ្តីចិន New Fortune បានដកស្រង់ចុះផ្សាយ អំពីកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង៤រូប របស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា ចំនួន១៦៥ពាន់លានដុល្លារអាមេរិក។
ចំនួនទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីចិនទាំង៤រូប ក្លាយជាស្ថាប័ននាំមុខគេ នៅលើពិភពលោកខាងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមអនឡាញ។
ទី១: លោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdings
លោក Huang មានវ័យ៤៤ឆ្នាំ បានជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុត នៅក្នុងពិភពបច្ចេកវិទ្យារបស់ប្រទេសចិន។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៤២៥ពាន់លានយ័ន (៥៩ពាន់លានដុល្លារ) ។
លោកគឺជាម្ចាស់ភាគហ៊ុនដ៏ធំ របស់ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស PDD Holdings។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ហើយលោកធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Google នៅសហរដ្ឋអាមេរិកផងដែរ។
ទី២: លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance
លោក Zhang Yiming មានវ័យ៤១ឆ្នាំ បានជាប់ចំណាត់ថ្នាក់លេខ២ ដោយក្នុងនោះលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន៤៧ពាន់លានដុល្លារ។
លោក Zhang មានចំណែកភាគហ៊ុនចំនួន២១% ក្នុងក្រុមហ៊ុន ByteDance ដែលជាអ្នកបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និងមានអ្នកប្រើប្រាស់ជាង១ពាន់លាននាក់ នៅទូទាំងពិភពលោក។
លោក Zhang បានចាប់ផ្តើមបង្កើតក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១២។ ក្រោយមក លោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន ByteDance នៅក្នុងឆ្នាំ២០២១។
ទី៣: លោក Ma Huateng ស្ថាបនិកក្រុមហ៊ុន Tencent Holdings។ លោក Ma Huateng មានវ័យ៥៣ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន២៩ពាន់លានដុល្លារ។ លោកគឺជាប្រធានក្រុមហ៊ុន Tencent Holdings ដែលបានបង្កើតកម្មវិធីផ្ញើសារ WeChat ដែលមានអ្នកប្រើប្រាស់ចំនួន១,៣ពាន់លាននាក់។
ក្រុមហ៊ុន Tencent គឺជាក្រុមហ៊ុនលក់វីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនវីដេអូហ្គេម Epic Games និងក្រុមហ៊ុនផលិតរថយន្តTeslaរបស់សហរដ្ឋអាមេរិកផងដែរ។
ទី៤: លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding។ លោក Jack Ma មានវ័យ៦០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន២៨,៥ពាន់លានដុល្លារ។ ក្រុមហ៊ុនយក្ស Alibaba ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ និងបានប្រែក្លាយខ្លួន ទៅជាក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិក ដ៏ធំបំផុតមួយរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
លោកបានលាលែងពីតំណែង ជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibaba ក្នុងឆ្នាំ២០១៩។ ទ្រព្យសម្បត្តិសុទ្ធរបស់លោកបានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតកំពូល ចំនួន៤៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១៕ នេះបើយោងតាមទស្សនាវដ្តី Forbes៕ប្រភព:Vnexpress ៕