ដោយ: គង់ លាងហួរ
អន្តរជាតិ: បរិយាកាសការងារនៅកន្លែងធ្វើការល្អ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពផ្លូវចិត្តរបស់បុគ្គលិកគ្រប់រូប។
បញ្ហាស្មុគស្មាញនៅកន្លែងធ្វើការ អាចធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្ត និងមិនពេញចិត្តចំពោះការងាររបស់ខ្លួន ដែលបង្កឱ្យមានភាពសោកសៅ។
កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានបុគ្គលិកសោកសៅនៅកន្លែងធ្វើការ ប្រចាំថ្ងៃខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ានក្នុងរង្វង់៣៦% តាមពីក្រោយដោយប្រទេសមីយ៉ាន់ម៉ាចំនួន៣២%។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Gallup ដែលជាក្រុមហ៊ុនវិភាគ និងផ្តល់ការប្រឹក្សាយោបល់ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសហ្វីលីពីន ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៩% ខណៈចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសឡាវ ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៩%ដូចគ្នា។
ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសឥណ្ឌូនេស៊ី ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៧% ខណៈចំណាត់ថ្នាក់លេខ៦ បានទៅលើប្រទេសថៃ ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់១៥%។
ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសម៉ាឡេស៊ី ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់១៤% ខណៈចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសសិង្ហបុរី ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់១៤%ដូចគ្នា។
ចំណែក វៀតណាមឈរនៅលេខរៀងទី៩ ដែលមានកម្រិតសោកសៅ ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយក្នុងនោះ មានបុគ្គលិកត្រឹមតែ១១%ប៉ុណ្ណោះ ដែលបានរាយការណ៍ពីភាពសោកសៅរបស់ពួកគេ។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន Gallup ដដែលបានបង្ហាញថា ចំនួន២៥% នៃបុគ្គលិកដែលមានអារម្មណ៍សោកសៅនៅកន្លែងធ្វើការ គឺជាស្ត្រី ខណៈចំនួន២២% គឺជាបុរស ដែលពួកគេភាគច្រើន មានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ។
របាយការណ៍របស់ក្រុមហ៊ុន Gallup ដែលបានចេញផ្សាយនៅខែមិថុនានេះ បានពិនិត្យមើលយ៉ាងដិតដល់លើបទពិសោធន៍ការងារ របស់បុគ្គលិកទូទាំងពិភពលោក ដោយបានធ្វើការស្ទង់មតិ លើបុគ្គលិកមកពីអង្គភាពអាជីវកម្មនានា នៅក្នុងបណ្តាប្រទេសចំនួន៩០។
ក្រុមហ៊ុន Gallup ផ្តល់នូវការវិភាគលម្អិតអំពីនិន្នាការ និងលក្ខខណ្ឌកន្លែងធ្វើការជាសកល ដោយពិនិត្យមើល ទិដ្ឋភាពផ្សេងៗ ដូចជា ការពេញចិត្តការងារ ការចូលរួមរបស់បុគ្គលិក ផលិតភាព និងបញ្ហាប្រឈមនានា ដែលអង្គការនៅក្នុងប្រទេសផ្សេងៗគ្នាជួបប្រទះ៕ប្រភព: Independent.sg & Gallup៕