ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានចាប់ផ្តើមស្វែងរកដៃគូរ ដើម្បីអភិវឌ្ឍន៍ទីតាំងដីដ៏ធំមួយកន្លែង នៅជិតតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុង Melbourne និងបានអនុម័តលើការសាងសង់ អគារអាផាតម៉ិនខ្ពស់កប់ពពក ចំនួន៧នៅតំបន់ជាយក្រុង។
លោកស្រី Jacinta Allan អភិបាលរដ្ឋVictoria បានប្រកាសថា “រដ្ឋាភិបាលស្វាគមន៍វិស័យឯកជន ឧស្សាហកម្ម និងអ្នកវិនិយោគ ដើម្បីប្រែក្លាយទីតាំងដីទំហំ១៣,៥ហិកតា ទៅជាតំបន់លំនៅដ្ឋានថ្មីមួយ ដែលមានឈ្មោះថា Arden”។
លោកស្រី Allan បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “យើងចង់ឃើញគំនិតច្នៃប្រឌិតល្អបំផុត និងវិធីសាស្ត្រសាងសង់ផ្ទះឱ្យបាន២០.០០០យូនីតបន្ថែមទៀត ព្រមទាំងស្វែងរកឱកាសពាណិជ្ជកម្មផ្សេងទៀត ដើម្បីបង្កើតការងារនៅក្នុងតំបន់នេះ”។
ទន្ទឹមនឹងនេះ លោកស្រី Sonya Kilkenny រដ្ឋមន្ត្រីក្រសួងផែនការបានប្រកាស ពីការអនុម័តផែនការមេ Box Hill Central North ដោយគ្រោងនឹងសាងសង់ អគារអាផាតម៉ិនខ្ពស់ៗចំនួន៧ នៅជាយទីក្រុង Melbourne ដែលមានកម្ពស់ចាប់ពី១៩ជាន់ ទៅដល់៥០ជាន់។
គម្រោងផែនការមេ Box Hill Central North ត្រូវបានដាក់បង្ហាញជាលើកដំបូង ក្នុងឆ្នាំ២០២០ និងស្ថិតក្រោមកម្មវិធីសម្របសម្រួលការអភិវឌ្ឍន៍ របស់រដ្ឋាភិបាល ដែលមានន័យថា អាផាតម៉ិនយ៉ាងតិច១០% នៃចំនួនអាផាតម៉ិនសរុប នឹងក្លាយជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ។
លោកស្រី Kilkenny បានបញ្ជាក់បន្ថែមថា គម្រោងអាផាតម៉ិន តម្លៃ១,៥៧ពាន់លានដុល្លារនេះ នឹងត្រូវបានអភិវឌ្ឍន៍ស្របតាមចក្ខុវិស័យ ក្នុងរយៈពេលវែងរបស់រដ្ឋាភិបាល សម្រាប់តំបន់ Box Hill ខណៈគម្រោងខ្សែរថភ្លើង Suburban Rail Loop ដែលមានតម្លៃ៣៤,៥ពាន់លានដុល្លារ ក៏ត្រូវមកឈប់នៅទីនេះផងដែរ៕ប្រភព: The Guardians៕