ដោយៈ គង់ ម៉ាលីនណា
ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងពីឱកាសវិនិយោគ នៅក្នុងសន្និសីទឧស្សាហកម្មផលិតឧបករណ៍ថាមពលអគ្គិសនីរបស់ប្រទេសចិន (Chongqing)-អាស៊ាន ឆ្នាំ២០២៤ ស្តីពីនុវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ។
សន្និសីទនេះ បានរៀបចំឡើងនៅស្រុក Fuling ខេត្ត Chongqing កាលពីថ្ងៃទី១៨ ខែមិថុនា ដោយកម្ពុជាបានអញ្ជើញអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ឱ្យចាប់យកឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវវិបុលភាពក្នុងតំបន់។
ព្រឹត្តិការណ៍នេះបានទាក់ទាញ អ្នកចូលរួមប្រមាណជាង៤០នាក់ មកពីប្រទេសអាស៊ានចំនួន១០ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ Chengdu-Chongqing និងបណ្តាប្រទេសអាស៊ាន ក្នុងវិស័យឧស្សាហកម្ម ផលិតឧបករណ៍ថាមពល។
រដ្ឋបាលស្រុក Fuling និងគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ កិច្ចព្រមព្រៀងនេះបានចែងថា គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP នឹងជួយFuling ពង្រីកទំហំពាណិជ្ជកម្មជាមួយប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP រួមទាំងការធ្វើកិច្ចចរចាពាណិជ្ជកម្ម ការផ្លាស់ប្តូរ និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងទៀតក្នុងប្រទេស និងក្រៅប្រទេស។
លោក Xu Ningning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មRCEP បាននិយាយថា ការផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។ ក្រៅពីឧស្សាហកម្មផលិត ឧបករណ៍ថាមពល ទីក្រុង Chongqing និងប្រទេសសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានឱកាសកិច្ចសហការនៅក្នុងឧស្សាហកម្មម្ហូបអាហារ ឧស្សាហកម្មឱសថបុរាណចិន និងឧស្សាហកម្មដឹកជញ្ជូន។
លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទោះបីជាមានវិបត្តិសកលលោក ក្នុងពេលបច្ចុប្បន្ន រួមទាំងភាពមិនច្បាស់លាស់ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។
យោងតាមស្ថិតិពាណិជ្ជកម្ម ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយទីផ្សារពិភពលោកមានលើសពី២១,៦១២ពាន់លានដុល្លារ កើនឡើង១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះ ពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP ក៏ឈានដល់១៤,១៧១ ពាន់លានដុល្លារអាមេរិក កើនឡើង១៤,២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ទិន្នន័យវិជ្ជមានទាំងនេះបង្ហាញថា ការកើនឡើងជាបន្តនៃសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា និងដៃគូ ប្រទេសសមាជិកកិច្ចព្រមព្រៀង RCEP បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
លោកស្រី ខា ឡេង បានជម្រាបតំណាងប្រទេសនានាអំពីគុណសម្បត្តិនៃការវិនិយោគ និងផលិតកម្មពាណិជ្ជកម្មរបស់កម្ពុជា ទាក់ទងនឹងគុណសម្បត្តិភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយអនុគ្រោះ ធនធានមនុស្សជាដើម។ ជាមួយគ្នានេះ លោកស្រីបានអំពាវនាវ ដល់អ្នកវិនិយោគមកពីបណ្តាប្រទេសនានា ចាប់យកឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅកម្ពុជាដើម្បីកសាង និងសម្រេចបាននូវវិបុលភាព ក្នុងតំបន់កាន់តែប្រសើរឡើង។
ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាង ស្រុក Fuling និងបណ្តាប្រទេសអាស៊ាន មានរហូតដល់៤,២ពាន់លានយន់ ដែលក្នុងនោះ តម្លៃនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនីឈានដល់៤២០លានយន់ កើនឡើង១៤០ភាគរយ ធៀបនឹងឆ្នាំមុន។ នាពេលបច្ចុប្បន្ននេះ ស្រុកFuling កំពុងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ានលើវិស័យឧស្សាហកម្មដូចជា សម្ភារៈគីមី សម្ភារៈលោហៈ យានជំនិះថាមពល ជីវវេជ្ជសាស្ត្រ អាហារ និងកែច្នៃផលិតផលកសិកម្ម៕