ធនាគារពិភពលោកអនុម័តទឹកប្រាក់ ២៧៥លានដុល្លារដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ធនាគារពិភពលោក បានអនុម័តទឹកប្រាក់ចំនួន២៧៥ លានដុល្លារ សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលនេះ ជាការលើកកម្ពស់សេដ្ឋកិច្ចលើកទីពីរ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

ជំនួយដំបូងគឺនៅឆ្នាំ២០២២ នៅពេលដែលធនាគារពិភពលោកបានអនុម័ត២៧៤ លានដុល្លារសម្រាប់ការផ្តល់ហិរញ្ញប្បទាន គោលនយោបាយអភិវឌ្ឍន៍ និងភាពធន់របស់កម្ពុជា។

គម្រោងនេះមានគោលបំណង លើកកម្ពស់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពធន់ ដោយផ្តោតលើទិដ្ឋភាពផ្សេងៗគ្នា។ គម្រោងមួយចំនួននឹងរួមបញ្ចូល ការជំរុញការប្រកួតប្រជែងក្នុងវិស័យឯកជន ការពង្រឹងសារពើពន្ធរបស់កម្ពុជា និងជួយដល់ជនក្រីក្រ និងងាយរងគ្រោះបំផុត។

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងបញ្ហាផ្សេងៗជាបន្តបន្ទាប់ បច្ចុប្បន្ននេះមានការផ្តោតឆ្ពោះទៅរកការសម្រេចបាន នូវកំណើនប្រកបដោយនិរន្តរភាព”។ លោកស្រីបន្ថែមថា “ប្រតិបត្តិការថ្មីនេះ នឹងជំរុញការប្រកួតប្រជែងផ្នែកឯកជន ពង្រឹងសារពើពន្ធរបស់រដ្ឋាភិបាល ផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះបំផុត”។

ជាមួយគ្នានេះ លោកស្រី Sophie Duong T Nguyen សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងក្នុងកិច្ចពិភាក្សាជាក្រុមនាពេលថ្មីៗនេះថា ខណៈដែលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ចាប់តាំងពីពេលនោះមក កំណើនសេដ្ឋកិច្ចនៅតែមិនទាន់ ឈានដល់កម្រិតមុនពេលមានជំងឺរាតត្បាត។

ឧបសគ្គសំខាន់ៗមួយចំនួន ដែលយើងបានកត់សម្គាល់គឺកង្វះការធ្វើពិពិធកម្ម ទាក់ទងនឹងការប្រមូលផ្តុំទីផ្សារ និងវិស័យផ្សេងៗ។ ឧទាហរណ៍ ការផ្តោតលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាចម្បង សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ប្រសិនបើមានការធ្វើពិពិធកម្មកាន់តែច្រើន វានឹងជួយសម្រាលបាននូវបញ្ហាទំាងនេះ។

“ឧបសគ្គទី ២ គឺការអភិវឌ្ឍន៍ធនធានមនុស្ស និងទី៣ ភាពងាយរងគ្រោះ ដែលកម្ពុជាប្រឈមនឹងការប្រែប្រួលអាកាសធាតុ។
ធនាគារពិភពលោក នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានmanទស្សនៈស្រដៀងគ្នា ទៅនឹងធនាគារអភិវឌ្ឍន៍អាស៊ី ហើយបាននិយាយថា “ស្ថានភាពនេះឆ្លុះបញ្ចាំងទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈមរចនាសម្ព័ន្ធចំពោះគំរូកំណើនរបស់ប្រទេស រួមមាន កំណើនផលិតភាពខ្សោយ ធនធានមនុស្សមានកម្រិត និងឧបសគ្គចំពោះការបង្កើតអាជីវកម្មឯកជន និងការប្រកួតប្រជែង។

ធនាគារពិភពលោកក៏បានបន្ថែមថា សេដ្ឋកិច្ចដែលប្រមូលផ្តុំខ្លាំងរបស់កម្ពុជា ទាក់ទងនឹងផលិតផល ទីផ្សារនាំចេញ និងប្រភពហិរញ្ញប្បទាន បង្ហាញពីភាពងាយរងគ្រោះ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួត៕