ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Lena Petrovaអ្នកជំនាញឧស្សាហកម្មហិរញ្ញវត្ថុ បានព្រមានថា វិបត្តិធនាគារនៅសហរដ្ឋអាមេរិកកំពុងខិតជិតមកដល់ ដែលបង្កឡើងដោយសារការសម្រុកប្រកាសលក់អចលនទ្រព្យពាណិជ្ជកម្មក្នុងអត្រាបញ្ចុះតម្លៃ៥០% ឬអាចច្រើនជាងនេះទៀត។
បញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នបានធ្វើឱ្យម្ចាស់អចលនទ្រព្យពាណិជ្ជកម្មជាច្រើនមិនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ។ ជាលទ្ធផល ម្ចាស់អចលនទ្រព្យទាំងនេះប្រឈមហានិភ័យនៃការខកខានសងបំណុល និងការរឹបអូសទ្រព្យសម្បត្តិ។
យោងតាមទិន្នន័យពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Moody’s Analytics បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺការលក់រាយ និងអចលនទ្រព្យបដិសណ្ឋារកិច្ច ឬសណ្ឋាគារ។
លោកស្រី Lena Petrova ជឿជាក់ថា វិបត្តិអចលនទ្រព្យពាណិជ្ជកម្មដ៏តានតឹងនេះនឹងបង្កឱ្យមានវិបត្តិធនាគារនៅអាមេរិក។
លោកស្រី Petrova បានផ្តល់នូវការពន្យល់បកស្រាយថា “ធនាគារបានផ្តល់កម្ចីយ៉ាងច្រើនដល់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម។ ដូច្នេះ នៅពេលដែលម្ចាស់អចលនទ្រព្យទាំងនេះចាប់ផ្តើមអស់លទ្ធភាពសងសំណុល នោះធនាគារនឹងរឹបអូសយកអចលនទ្រព្យរបស់កូនបំណុល ដើម្បីដាក់លក់ឡាយឡុង”។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះបានបន្តថា “ការលក់ឡាយឡុងនេះនឹងជំរុញឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះ ដែលនាំឱ្យមានការខាតបង់សម្រាប់ធនាគារ និងអាចបង្កឱ្យមានវិបត្តិធនាគារ”។
លោកស្រីរំពឹងថា “ធនាគារនានានឹងប្រកាសដាក់លក់អចលនទ្រព្យដែលខ្លួនរឹបអូសបាន ក្នុងអត្រាបញ្ចុះតម្លៃ៥០% ឬច្រើនជាងនេះទៀត ដោយសារធនាគារមានបំណងលក់ដាច់ឱ្យបានឆាប់”។
យ៉ាងណាមិញ ស្ថានភាពនេះនឹងជះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ច និងនាំមកនូវផលវិបាកអវិជ្ជមានសម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងឧស្សាហកម្មហិរញ្ញវត្ថុ។
យោងតាមធនាគារកណ្តាលអាមេរិក (Fed) បានឱ្យដឹងថា ប្រាក់កម្ចីក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មគ្របដណ្តប់ចំនួន១៦% នៃទំហំប្រាក់កម្ចីសរុប ដែលកាន់កាប់ដោយធនាគារអាមេរិក ដែលនេះមានន័យថា ការអស់លទ្ធភាពសងរបស់កូនបំណុល និងការរឹបអូសអាចនាំឱ្យមានការខាតបង់ច្រើនសម្រាប់វិស័យធនាគារ៕ប្រភព:Dinar Chronicles៕