តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលតម្រុយថ្មីៗស្តីពីអត្រាអតិផរណារបស់សហរដ្ឋអាមេរិក ដែលនឹងអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារ Fed។ 

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៤%ដល់២៣២៥,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៧%ដល់២៣៣៧,៥០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង១០:១៤នាទីព្រឹក។

នៅថ្ងៃសុក្រសប្តាហ៍នេះ បណ្តាអ្នកវិនិយោគគ្រោងនឹងផ្តោតមើលយ៉ាងដិតដល់ទៅលើសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក។

នាពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់លើកដំបូងនៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៥,៨៤ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១១%ដល់២៩,៥៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៣៤%ដល់៩៩៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៦%ដល់៩២៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:១៦នាទីព្រឹកថ្ងៃច័ន្ទនេះ៕