ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា(NBC)និងមន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឯកភាព ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលអនាគតលើការងារទាក់ទងនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ច និងកិច្ចការហិរញ្ញវត្ថុ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបរវាងលោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលបាន អនុញ្ញាតឱ្យលោកស្រី Veronica Bacalu អនុប្រធានការិយាល័យយុទ្ធសាស្ត្រ ជំនួយបច្ចេកទេសនៃនាយកដ្ឋានរូបិយវត្ថុ និងទីផ្សារមូលធន (MCM) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីសប្តាហ៍មុន។
លោកស្រី Veronica Bacalu បានថ្លែងអំណរគុណចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលកន្លងមក ជាពិសេស ការងារតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងការគ្រប់គ្រងសន្ទនីយភាព។
ជាការឆ្លើយតប លោកទេសាភិបាលរង ក៏បានថ្លែងអំណរគុណ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានជួយធនាគារជាតិនៃកម្ពុជា ក្នុងការកសាងសមត្ថភាព តាមរយៈការបញ្ជូនជំនាញការមកធ្វើការដោយផ្ទាល់ ជាមួយមន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា ការចុះបេសកកម្មតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការផ្តល់ជូនវគ្គបណ្តុះបណ្តាល ដើម្បីចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធន៍ ការផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា និងការផ្តល់នូវអនុសាសន៍គោលនយោបាយល្អៗ សម្រាប់រៀបចំគោលនយោបាយ និងបទបញ្ញត្តិ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា៕