រដ្ឋសភាជួបជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលដើម្បីជម្រុញការដឹកជញ្ជូនតាមផ្លូវអាកាស

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ទទួលបន្ទុកផ្នែក
ដឹកជញ្ជូន និងអាកាសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិភាក្សា អំពីវឌ្ឍនភាពនៅក្នុងវិស័យនេះ សំដៅជំរុញឱ្យមានកំណើនចំនួនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស។

កិច្ចពិភាក្សាការងារនេះ ធ្វើឡើងរវាង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជ កម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពី គណៈកម្មការជំនាញផ្សេងៗទៀត នៃរដ្ឋសភា ជាមួយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់។

លោកស្រី និន សាផុន បានឱ្យដឹងថា កិច្ចប្រជុំនេះមិន មែនជាកិច្ចប្រជុំសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើស្ថាប័នរាជរដ្ឋាភិបាលនោះទេ គោលបំណងសំខាន់ គឺឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ច ទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីរួមសហការគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងពីការបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានជាតិ និងអន្តរជាតិ ពង្រឹងផ្នែកសេវាកម្មនាំផ្លូវអាកាស ការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី។

បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងជំរុញឱ្យមានកិច្ចប្រឹងប្រែង បង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប ការពង្រឹងក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ កិច្ចព្រមព្រៀង កិច្ចសន្យាសម្បទាន ដើម្បីជំរុញឱ្យមានកំណើនចំនួន អ្នកធ្វើដំណើរនិងទំនិញតាមផ្លូវ អាកាស និងស្របតាមបទដ្ឋានរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

លោកម៉ៅ ហាវណ្ណាល់ បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅច្បាស់លាស់ លើការពង្រឹងនិងពង្រីកកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសសំខាន់ៗជាលក្ខណៈទ្វេភាគី និងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងដៃគូសន្ទនាអាស៊ាន ជាលក្ខណៈពហុភាគី។

ក្នុងឱកាសនោះដែរ លោកស្រី និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំ យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកប ដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តមរតកសមិទ្ធផល នៃបិតាសន្តិភាពរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតេជោបានតស៊ូលះបង់ គ្រប់បែបយ៉ាង ដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេស រហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ។

ជាពិសេស ការអនុវត្តន៍នូវ “គោលនយោបាយ បើកចំហរជើងមេឃ” របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២ ជាសមិទ្ធផល មិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យ មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា៕