ក្រុមមន្រ្តីៈការជួញដូរក្នុងផ្សារហ៊ុនបានចាប់ផ្តើមបង្ហាញសញ្ញាប្រសើរឡើងវីញ

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សកម្មភាពនៃការជួញដូរផ្សាមូលបត្រកម្ពុជា មានកំនើនឡើងវិញ គួរឲ្យកត់សម្គាល់ក្នុងរយៈពេល២ខែ ចុងក្រោយនេះ ស្របពេលមន្រ្តីបានសម្តែងសុទីដ្ឋីនីយមខ្ពស់។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី២០ ខែមិថុនា ថា គិតចាប់ពីដើមឆ្នាំមកការជួញដូរ គឺមានការធ្លាក់ចុះ ដោយសារការប្រែប្រួលវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក្នុងរយៈពេល២ខែក្រោយនេះ ទំហំនៃការជួញដូរបានហក់ឡើងវិញ ក្នុងរង្វង់ជិត៣០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។


លោកបានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវមហិច្ឆតាខ្ពស់ ដែលនឹងសម្រេចឲ្យបាននូវទំហំជួញដូរ ភាគហ៊ុនជាមធ្យមក្នុងទំហំ១០០លានដុល្លារ ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របពេលដែលកម្ពុជា ក៏មានផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។

ជាមួយការហក់ឡើងវិញ នៃសន្ទុះការជួញដូរខាងលើនេះ ផ្សារមូលបត្រកម្ពុជា បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 ដើម្បីឲ្យសាធារណៈជនកម្ពុជា ស្គាល់អំពីការវិនិយោគដែលត្រឹមត្រូវស្របតាមច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈានសម្រេចឲ្យបាននូវគោលដៅនៃមហិច្ឆតាខាងលើនេះ។

លោកហុង សុហួរបានស្នើវិនិយោគិនសាធារណៈ និងសិក្ខាកាមដែលចូលរួម ក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាមក្រេបជញ្ជក់នូវចំណេះដឹង ឬក៏លើកជាសំណួរសួរ ទៅកាន់តំណាងក្រុមហ៊ុនចុះបញ្ជីទាំងអស់ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ងាយស្រួល ក្នុងការសម្រេចចិត្តវិនិយោគ ឬបង្កើតចំណូលអកម្មចាប់ពីពេលនេះតទៅ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ ក៏ដូចជាជំនួយបន្ថែមសម្រាប់វិនិយោគ ក្នុងការវិភាគជាបច្ចេកទេស ដើម្បីសម្រេចចិត្តក្នុងការវិនិយោគលើភាគហ៊ុនឲ្យបានត្រឹមត្រូវ។

វគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតជាវេទិកាជូនក្រុមហ៊ុនចុះបញ្ជី ក្នុងការផ្សព្វផ្សាយព័ត៌មាន របស់ក្រុមហ៊ុនដល់វិនិយោគិន និងជាវេទិកាមួយអនុញ្ញឲ្យសាធារណជន បានស្វែងយល់បន្ថែម ពីអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា រួមមានប្រតិបត្តិការអាជីវកម្ម លទ្ធផលហិរញ្ញវត្ថុ និងផែនការអាជីវកម្មនាពេលអនាគត៕