រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឲ្យមានទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានដើម្បីដឹងពីស្ថានភាពពិត

ដោយៈ គង់ សូរីយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ត្រាបានផ្តួចផ្តើមគំនិត និងស្នើរដ្ឋបាលរាជធានីខេត្ត តាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានី ខេត្តរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ក្រុង ស្រុកខណ្ឌនិងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមសហការ។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់តាមរយៈការទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែង និងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។

លោកនេត្រ ភក្ត្រា បានថ្លែងថា “ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែង រៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាន នៅក្នុងខេត្តដើម្បីពួកគាត់បានដឹង និងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសម្រេចបានសម្រាប់ខេត្តខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងបន្ថែមទៀតពីអ្វី ដែលខ្លួនបានខិតខំប្រឹងប្រែងផ្សព្វផ្សាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលខេត្តមាន”។ ឯ
លោកគូសបញ្ជាក់ថា រដ្ឋបាលខេត្តក្រុងស្រុក ខិតខំបម្រើពលរដ្ឋយ៉ាងសកម្ម ហើយសមិទ្ធផលជាច្រើនត្រូវបានសម្រេច។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីបងប្អូនប្រជាពលរដ្ឋ កាន់តែទទួលបានព័ត៌មាន និងយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

លោកនេត្រ ភ័ត្រា បានលើកទឹកចិត្តនិងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀត រវាងអាជ្ញាធរមានសមត្ថកិច្ច ដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ព្រោះអាជ្ញាធរនិងអ្នកសារព័ត៌មានជាដៃគូ មិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។
លោកបានលើកឡើងថា អ្នកសារព័ត៌មានត្រូវការប្រភពព័ត៌មានដើម្បីជាមូលដ្ឋាន នៃការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ចំណែកអាជ្ញាធរត្រូវការអ្នកសារ ព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មាន ពីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋ និងទទួលបាននូវមតិយោបល់ត្រឡប់មកវិញដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ បន្តបម្រើប្រជាពលរដ្ឋកាន់តែខ្លាំង និងបង្កើនប្រសិទ្ធភាពការងារ។
លោកនេត្រ ភ័ត្រាបានបញ្ជាក់ថា អាជ្ញាធរ និងអ្នកសារព័ត៌មានជាតួអង្គយ៉ាងសំខាន់ ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែង ផ្សព្វផ្សាយការពិតឲ្យបានច្រើន ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រី និងអ្នកសារព័ត៌មាន បន្តពង្រឹងសមត្ថភាពខ្លួនជាប្រចាំ និងអនុវត្តបាននូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាអាវក្រោះការងារបងប្អូនអ្នកសារព័ត៌មាន៕